(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរថា នយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលសម្តេចតេជោ ដឹកនាំនៅតែបន្តនយោបាយ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់។
នយោបាយអាទិភាពទាំង៤ រួមមាន៖ អភិវឌ្ឍន៍ធនធានមនុស្ស សំដៅការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាក់ទងស្ពាន និងផ្លូវផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយទឹក ជូនប្រជាពលរដ្ឋសម្រាប់ស្រោចស្រប និងទទួលទាន ការផ្គត់ផ្គង់ ថាមពលអគ្គិសនី។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «នយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលខ្ញុំបានដឹកនាំ នៅតែបន្តនយោបាយ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ គឺអាទិភាព៤យ៉ាង ទី១៖ បញ្ហាធនធានមនុស្សជាកត្តាសំខាន់ បានជាយើងមានតម្រូវការ វិនិយោគយ៉ាងធំទៅលើវិស័យអប់រំ ដើម្បីឲ្យសិស្សឲ្យក្មេងៗ កុមារនិងយុវជនរបស់យើងបានទទួលចំណេះដឹងសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ យើងបង្កើនថវិកា កាន់តែធំទៅធំទៅដើម្បីកសាងនូវសាលាពីកំរិតបឋម ដល់សាកលវិទ្យាដើម្បីអភិវឌ្ឍធនធានមនុស្ស ទី២៖ តម្រូវទៅលើការកសាង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគឺទាក់ទងនឹងស្ពាន ផ្លូវ ផ្លូវដែក កំពង់ផែ និងព្រលានយន្តហោះ ទី៣៖ ផ្តោតការយកចិត្តទុកដាក់ដោះស្រាយ បញ្ហាទឹកជូនប្រជាពលរដ្ឋដើម្បីទទួលទានផង និងស្រោចស្រពផង និងទី៤៖ ទៅលើបញ្ហាអគ្គិសនីទាំងការផលិត និងប្រើប្រាស់ដើរដោយវារីអគ្គីសនី និងបណ្តាចែកចាយអគ្គិសនី។ ៤យ៉ាងហ្នឹងនៅតែជានយោបាយអាទិភាព»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា នយោបាយនេះត្រូវការរយៈពេល ៣០ឆ្នាំមកហើយ ហើយវានឹងត្រូវប្រើ រយៈពេល៣០ឆ្នាំទៅមុខទៀត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ដែលជាស្ពានឆ្លងកាត់ ទន្លេបាសាក់ថ្មីមួយទៀត នៅក្នុងទឹកដីខេត្តកណ្តាល នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕