(តូក្យូ-ជប៉ុន)៖ តាមការអញ្ជើញរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ របស់ជប៉ុន (JICA) លោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចសិក្សាផ្លូវការ ពីថ្ងៃទី១៣-១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីស្វែងយល់អំពីប្រព័ន្ធ នៃការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។
គណៈប្រតិភូកម្ពុជា រួមមានមន្ត្រីជាន់ខ្ពស់ដែលទទួលបន្ទុកវិស័យដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងមកពីក្រសួងមហាផ្ទៃ គឺ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងឧត្តមសេនីយ៍ ឃាង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណខ្មែរ និងតំណាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គោលបំណងនៃទស្សនកិច្ចផ្លូវការនេះ សំដៅផ្លាស់ប្តូរនូវទស្សនៈ និងបទពិសោធន៍ ស្តីពីប្រព័ន្ធនៃការគ្រប់គ្រងការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តរបស់ជប៉ុន។ ការសិក្សានេះ នឹងផ្តល់ឱកាសដល់គណៈប្រតិភូកម្ពុជា ស្វែងយល់បន្ថែមទៀត អំពីការអនុវត្តល្អរបស់ជប៉ុន ក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធស្វ័យប្រវត្តិកម្មកម្ពុជា ដែលទើបនឹងដាក់ឱ្យដំណើរការ ក្នុងពេលថ្មីៗនេះ៕