អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យពន្លឿនការជួសជុល កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីមុខឃ្លាំងសាំង ដល់ស្ពានលីយ៉ុងផាត់ ឲ្យរួចរាល់ មុនចូលឆ្នាំខ្មែរ
13-02-2017 16:37
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានថ្លែងជំរុញឲ្យក្រុមការងារ និងក្រុមបច្ចេកទេស ពន្លឿនការជួសជុល កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីមុខឃ្លាំងសាំង រហូតដល់ស្ពាន លីយ៉ុងផាត់ ក្នុងខណ្ឌឬស្សីកែវ ឲ្យរួចរាល់មុនចូលឆ្នាំខ្មែរខាងមុខនេះ។
នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស បានដឹកនាំអភិបាលរង ប្រធានមន្ទីរសាធារណការ អាជ្ញាធរខណ្ឌ និងមន្រ្តីពាក់ព័ន្ធ ចុះទៅពិនិត្យមើលដំណើរការសាងសង់ ទីលានប្រជាធិបតេយ្យថ្មី ដែលខាងមុខ ឃ្លាំងសាំងសូគីមិច។
សម្រាប់ដំណើរការ ជួសជុលផ្លូវជាតិលេខ៥ លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋទំាងអស់ ដែលរស់នៅតាមដងផ្លូវ និងអ្នកដំណើរទាំងអស់ ដែលបានចូលរួមសហការជាមួយក្រុមការងារជួសជុល ដើម្បីឲ្យបានឆាប់រួចរាល់ នាពេលខាងមុខដ៏ខ្លីនេះ៕