(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមការងាររួម រវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយាល់ រាជធានីភ្នំពេញ ដើម្បីបង្កើននូវ កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។

អង្គប្រជុំនេះ បានពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ អនាម័យ ភូតគាមអនាម័យ និង វិធានការ បសុពេទ្យ បទដ្ឋានគតិយុត្តិបច្ចេកទេស បទដ្ឋានគតិយុត្តិគយ និងកិច្ចសម្រួលពាណិជ្ជកម្ម។ អង្គប្រជុំបាន​ផ្លាស់ប្តូរព័ត៌មាននានា ទាក់ទងនឹងវិស័យកម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងឧស្សាហកម្ម ក៏ដូចជាស្វាគមន៍គំនិតផ្តួចផ្តើមភាពជាដៃ គូនៃវិស័យឯកជន រវាងភាគីទាំងពីរ។

បន្ថែំពីលើនេះ គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីបានទទួលសំណើរបស់កម្ពុជាក្នុងការបង្កើតការសិក្សារួមស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងជូនដំណឹងមកកម្ពុជាវិញ បន្ទាប់ពីធ្វើការពិភាក្សារវាងសមាជិក សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។

លើសពីនេះទៅទៀត ភាគីទាំងពីរសន្យានឹងអញ្ជើញមន្រ្តីពាក់ព័ន្ធ និងសមាគមធុរកិច្ច នៃភាគីទាំងពីរ ចូលរួមក្នុងវេទិកាសេដ្ឋកិច្ច សំខាន់ៗ ដែលនឹងត្រូវធ្វើនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសសមាជិក សហភាពសេដ្ឋកិច្ចអឺរ៉ុប- អាស៊ី។

ក្រោយពីបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមដើម្បីកំណត់លទ្ធផលនៃអង្គប្រជុំ។មន្រ្តីជាន់ខ្ពស់ នៃក្រុមការងាររួមបានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំលើកទី២ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ដើម្បីពិភាក្សាការងារ និងពង្រឹង កិច្ចសហប្រតិបត្តិការបន្ត៕

កិច្ចប្រជុំនេះ ដឹកនាំរួមដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី Tatiana VALOVAYA សមាជិកក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី សម្រាប់សមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ច ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់សំខាន់ៗ នៃភាគីទាំងពីរនៃក្រុមការងាររួម។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើង ក្រោមក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃកម្ពុជា និង គណៈកម្មការ សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលបាន ចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក Tigran Sargsyan ប្រធានក្រុមប្រឹក្សា ភិបាលនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី៕