(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានណែនាំចាត់ឲ្យអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវអនុវត្តតាមវិធានការ៥ចំណុច ដើម្បីពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឲ្យបានខ្លាំងក្លា ពិសេសត្រូវចុះត្រួតពិនិត្យនៅតាមឃ្លាំងស្តុកឈើទាំងអស់។
ការដាក់បញ្ជាបែបបនេះ ត្រូវបានប្រកាសឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅសាលាខេត្តរតនគិរី។
ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្ត ថង សាវុន បានដាក់ចេញវិធានការ៥ចំណុច រួមមាន៖ ១៖ ទប់ស្កាត់ឲ្យបាន នូវការកាប់រានដីព្រៃឈើ ការជីកគាស់រ៉ែខុសច្បាប់, ២៖ ត្រួតពិនិត្យនៅតាមឃ្លាំងស្តុប និងរោងសិប្បកម្មកែច្នៃ ដេប៉ូ ឃ្លាំង កន្លែងសន្និធិឈើ (កន្លែងស្តុកឈើ), ៣៖ ត្រួតពិនិត្យ ទប់ស្កាត់ឲ្យបាននូវការដឹកជញ្ជូនឈើគ្រប់ប្រភេទ, ៤៖ ត្រួតពិនិត្យឧបករណ៍មធ្យោបាយគ្រប់កាប់ឈើប្រភេទ, ៥៖ ត្រួតពិនិត្យប្រភពឈើដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
លោកអភិបាលខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរស្រុកជាប់ព្រំដែន ត្រូវបន្តចុះត្រួតពិនិត្យឡើងវិញ នៅតាមច្រករបៀងនានា និងការលួចចូលកាប់ឈើខុសច្បាប់ តែជៀសវាងការប្រើអំពើហិង្សាក្នុងករណីកើតមាន។
ដោយឡែក តាមបណ្ដាស្រុកដែលនៅជាប់ព្រំប្រទល់វៀតណាម និងឡាវ និងបណ្តាខេត្តដ៏ទៃទៀត រួមទាំងកម្លាំងគណៈកម្មការទាំងអស់ ត្រូវធ្វើការសហការគ្នាឲ្យបានល្អ នូវការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ដោយមិនត្រូវជះទឹកដាក់គ្នានោះទេ និងចាត់វិធានការ ចំពោះមន្ត្រីដែលពាក់ព័ន្ធ៕