(ព្រៃវែង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្តចុះត្រួតពិនិត្យ និងណែនាំដល់អាជីវករលក់ដូរទំនិញ នៅផ្សារអ្នកលឿង ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយរកឃើញទំនិញខូចគុណភាពជាច្រើនមុខ។
មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារអ្នកលឿងនេះ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ ដូចមឹក បង្គារ ក្តាម សាច់គោ សាច់ជ្រូក តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ តែបានរកឃើញភេសជ្ជៈមួយចំនួន បានហួសកាលបរិច្ឆេទ និងខូចគុណភាព។
មន្រ្តីកាំកុងត្រូលបានបន្តថា ជាលទ្ធផលការចុះត្រួតពិនិត្យនៅផ្សារអ្នកលឿងនេះ ក្រុមការងារ បានរឹបអូសនំឆ្អឹងខ្លា ខូចគុណភាព ចំនួន៦កញ្ចប់ ផលិតនៅប្រទេសវៀតណាម ស្ករគ្រាប់ត្រាវ ចំនួន៤កញ្ចប់ ផលិតនៅប្រទេសវៀតណាម ទឹកគោជល់ដបជ័រ ចំនួន១៧យួរ ផលិតនៅប្រទេសវៀតណាម តែក្រូចឆ្មា ចំនួន៣ប្រអប់ ផលិតនៅ ប្រទេសវៀតណាម ទឹកក្រូចកូកាកូឡា ២យួរ ផលិតនៅប្រទេសវៀតណាម ទឹកសេរ៉ូដបរូបសេក ១១ដប ចាហួយដូងហេងហេង ចំនួន១០កញ្ចប់ ផលិតនៅប្រទេសវៀតណាម។
មន្រ្តីកាំកុងត្រូល បានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូត យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោល។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។
ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការចុះត្រួតពិនិត្យ មើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួម ចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕