(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចំអកឱ្យអ្នកនយោបាយមួយចំនួន ដែលតែងស្រមៃធ្វើជានាយករដ្ឋមន្រ្តី។ សម្តេចបានចំអកថា អ្នកស្រមៃបែបនេះ គឺជានាយករដ្ឋមន្រ្តីឧទាហរណ៍ ដែលកសាងបានតែសមិទ្ធផលឧទាហរណ៍ប៉ុណ្ណោះ ចំណែកសម្តេចជានាយករដ្ឋមន្រ្តីពិត កសាងបានសមិទ្ធផលពិត ជូនប្រជាពលរដ្ឋដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត នៅក្នុងទឹកដីខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ម្ង៉ៃដេកយល់សប្តិធ្វើជានាយករដ្ឋមន្រ្តី ខ្វះណាស់ ឬមនុស្សដែលចង់ធ្វើជានាយករដ្ឋមន្រ្តី និយាយពីដេកយល់សប្តិ។ អានាយករដ្ឋមន្រ្តីឧទាហរណ៍ហ្នឹង ក៏នៅតែជានាយករដ្ឋមន្រ្តឧទាហរណ៍ អញ្ចឹងធ្វើយ៉ាងម៉េចទើបវាកើតស្ពាន បើ១ថ្ងៃៗគិតតែរឿងឯណានោះ»។
សម្តេចបានបន្ថែម៖ «ប៉ុន្តែនាយករដ្ឋមន្រ្តី ហ៊ុន សែន វាបានកើតស្ពានពិតនេះ អានេះមិនមែនស្ពានឧទាហរណ៍នោះទេ អានេះ(ស្ពានកោះធំ) គឺស្ពានពិត»។
ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន មិនបាននិយាយអំពីឈ្មោះនាយករដ្ឋមន្រ្តីឧទាហរណ៍ ឬនាយករដ្ឋមន្រ្តីស្រមោលឱ្យចំៗនោះទេ ក៏ប៉ុន្តែអ្នកវិភាគ មួយចំនួនជឿថា សម្តេចកំពុងចំអកឱ្យ មេដឹកនាំគណបក្សប្រឆាំង ដែលតែងដើរឃោសនាសន្យាផ្តល់សមិទ្ធផលនានាដល់ពលរដ្ឋ នៅពេលដែលពួកគេ ឈ្នះឆ្នោត។ ទន្ទឹមនឹងការប្រកាសខ្លួនថា ជានាយករដ្ឋមន្រ្តីពិត សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «បើនាយករដ្ឋមន្រ្តី មិនមែនជា ហ៊ុន សែន ក៏ប្រហែលជាស្ពាន មិនកើតនៅកោះធំនេះដែរ ព្រោះអ្នកខ្លះដែលតាំងខ្លួន ដេកយល់សប្តិធ្វើជានាយករដ្ឋមន្រ្តី មិនដែលស្គាល់អ្វីដែលហៅថា ការលំបាករបស់អ្នកជនបទ នោះទៅទៀត»៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖