(ភ្នំពេញ)៖ តំណាងរបស់លោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំ ពិធីបុណ្យទន្លេឆ្នាំ២០១៧ លោក ជា​​ បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដាក់ផែនការឲ្យមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តសៀមរាប និងក្រុមហ៊ុនទេសចរណ៍ ត្រូវរៀបចំកញ្ចប់ទស្សនកិច្ច ឡាវ-កម្ពុជា (ចំប៉ាសាក់-ស្ទឹងត្រែង-ព្រះវិហារ-សៀមរាប) ជូនភ្ញៀវទេសចរអន្តរជាតិ នាឱកាសបុណ្យទន្លេឆ្នាំនេះ។

ការដាក់ផែនការនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា​ ត្រៀមរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី លោកអភិបាលខេត្តស្ទឹងត្រែង សមាជិកគណៈកម្មការអន្តរក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្ត នៅសាលាខេត្តស្ទឹងត្រែង។

កិច្ចប្រជុំពិភាក្សាខាងលើ បានដាក់ចេញនូវផែនការមួយចំនួន សម្រាប់ត្រៀមរៀបចំពិធិបុណ្យទន្លេ ឆ្នាំ២០១៧ រួមមាន៖

១៖ ឯកភាពកំណត់យកទីតាំងសួនច្បារមុខសាលាខេត្តស្ទឹងត្រែង សម្រាប់ប្រារព្ធបើកជាផ្លូវការពិធីបុណ្យទន្លេ ឆ្នាំ២០១៧។ ២.អាជ្ញាធរខេត្តត្រូវជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តឲ្យបានរួចរាល់ទាន់ពេលវេលា សម្រាប់រៀបចំពិធីបុណ្យទន្លេ ឆ្នាំ​២០១៧។

៣៖ ខិតខំយកចិត្តបណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍នានា ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យទន្លេ ឆ្នាំ២០១៧។ ៤.ត្រូវខិតខំបំផុស និងណែនាំប្រជាពលរដ្ឋក្នុងខេត្ត ឲ្យរៀបចំ និងតុបតែងគេហដ្ឋានរបស់ខ្លួន ឲ្យបានស្អាតសម្រាប់ជួលឲ្យភ្ញៀវជាតិ និងអន្តរជាតិ ដែលមកចូលរួមពិធីបុណ្យទន្លេ ឆ្នាំ២០១៧។

៥៖ ត្រូវរៀបចំអភិវឌ្ឍ និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើ និងទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកចូលរួមពិធីបុណ្យទន្លេ ឆ្នាំ២០១៧ ឲ្យបានច្រើន។ ៦.ត្រូវរៀបចំកញ្ចប់ទស្សនកិច្ចដោយតភ្ជាប់ ចំប៉ាសាក់-ស្ទឹងត្រែង-ព្រះវិហារ-សៀមរាប (ឡាវ-កម្ពុជា)។

៧៖ ត្រូវរៀបចំទស្សនីយភាពសិល្បៈ ឲ្យបានល្អទាក់ទងខេត្តស្ទឹងត្រែង។ និង៨.ត្រូខិតខំយកចិត្តទុកដាក់ការពារ និងរក្សាសន្តិសុខ​ សុវត្ថិភាព សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរក្នុងឱកាសពីធីបុណ្យទន្លេ ឆ្នាំ២០១៧។

សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំ២០១៧នេះ នឹងត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី២៤-២៥-២៦ ខែមីនា លើទឹកដីខេត្តស្ទឹងត្រែង៕