(ព្រះវិហារ)៖ ជនសង្ស័យ៤នាក់ និងវត្ថុតាងខុសច្បាប់ជាច្រើនប្រភេទ ក្នុងនោះមានទាំងរំសេវសម្រាប់កែច្នៃគ្រឿងផ្ទុះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បង្ក្រាប និងរឹបអូសបាន ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន ស្ថិតនៅភូមិស្រអែមខាងជើង ឃុំស្រអែម។
មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត លោកវរសេនីយ៍ត្រី ពេជ្រ សុភិ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា បានបញ្ជាក់ថា ការចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននេះ កម្លាំងអាវុធហត្ថមានគ្នា៩នាក់ ក្រោមការបញ្ជាពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន៤នាក់ និងម្សៅរំសេវកែច្នៃ គ្រឿងផ្ទុះ១ថង់ កាំភ្លើងខ្លីឈើច្នៃ១ដើម ដាវសាំរ៉ៃ ថ្នាំញៀន និងសម្ការមួយចំនួនទៀត។
លោក ពេជ្រ សុភី បានបន្តថា ជនសង្ស័យទាំង៤នេះ គឺមានមុខរបរមិនពិតប្រាកដ ក្រោយពីការសាកសួរ រួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕