(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈជូនប្រជាពលរដ្ឋថា ចាប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ អ្នកភ្ជាប់បណ្តាញអគ្គិសនីថ្នាក់ជាតិ បើប្រើប្រាស់ភ្លើងក្រោម៥០គីឡូវ៉ាត់ គិតថ្លៃ៦១០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ ហើយប្រើក្រោម១០គីឡូវ៉ាត់ចុះក្រោម អស់ថ្លៃ ៤៨០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងបែបនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ដែលជាស្ពានឆ្លងកាត់ ទន្លេបាសាក់ថ្មីមួយទៀត នៅក្នុងទឹកដីខេត្តកណ្តាល នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសប្រាប់ដល់ប្រជាពលរដ្ឋឲ្យបានដឹងថា សម្រាប់ប្រជាពលរដ្ឋតភ្ជាប់បណ្តាញអគ្គិសនីថ្នាក់ជាតិ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ប្រើប្រាស់៥០គីឡូវ៉ាត់ចុះក្រោម គឺត្រឹម៦១០រៀល ឯអ្នកប្រើ១០គីឡូវ៉ាត់ចុះក្រោម តែ៤៨០រៀល ប៉ុណ្ណោះ។ តិចទៀតថ្លៃភ្លើងអាខែហ្នឹង បើនិយាយពីគ្រូបង្រៀនត្រូវប៉ាន់ម៉ង់ ខែ៤ប្រាក់ខែត្រូវឡើង ហើយថ្លៃភ្លើងចុះថោក ដឹងតែសល់លុយម៉ង់»។
គួរកត់សំគាល់ថា ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះសរបញ្ជាក់ឲ្យឃើញថានេះគឺជាដំណើរការសម្រូល ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយអាទិភាពទាំង៤ របស់សម្តេចតេជោរួមមាន មនុស្ស ទឹក ភ្លើង ផ្លូវ៕