(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានព្រមានថា លោកនឹងអនុវត្តន៍ទៅតាមច្បាប់ ចំពោះមន្ត្រីទាំងឡាយណា ដែលនៅពីក្រោយខ្នង ប្រជាពលរដ្ឋក្នុងការរំលោភទន្ទ្រានយកដី ក្នុងដែនជម្រកព្រៃព្រះរការធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
អភិបាលខេត្តព្រះវិហារ បានបញ្ជាក់បែបនេះ បន្ទាប់ពីលោកបានទទួលព័ត៌មានថា មានមន្ត្រីនៅ ពីក្រោយខ្នង ប្រជាពលរដ្ឋក្នុងការរំលោភយកដីព្រៃរក្សាទុករបស់រដ្ឋ ធ្វើជាកម្មសិទ្ធិនៅដែនព្រៃព្រះរការ។
លោក អ៊ុន ចាន់ដា បានប្រាប់ភ្នាក់ងារ Fresh News ថា «យើងនឹងអនុវត្តទៅតាមច្បាប់ ដោយមិនមានការយោគយល់ឡើយ ចំពោះមន្រ្តីទាំងឡាយណា ដែលនៅពីក្រោមរឿងនេះ»។
គួរបញ្ជាក់ថា គម្របដីព្រៃ១០ភាគរយ នៅជាប់និងដែនជម្រកព្រៃព្រះរការ ដែលជាព្រៃការពាររបស់រដ្ឋ ស្ថិតនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ត្រូវបានគេកត់សម្គាល់ឃើញថា នៅតែមានការកាប់រុករានសង់ផ្ទះ និងកាប់ផ្តួលដើមឈើ វាទយកដីធ្វើជាកម្មសិទ្ធិដដែល ទោះបីជារដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការមួយ ស្តីពីការទប់ស្កាត់ពលរដ្ឋ ដែលធ្វើសកម្មភាពទន្ទ្រានយកធ្វើកម្មសិទ្ធិ។
អាជ្ញាធរខេត្តបានរក្សាទុកដើម្បីដោះស្រាយជូន ប្រជាពលរដ្ឋតាមគោលការណ៍ដីសម្បទានសង្គមកិច្ច ដោយធ្វើឡើងចំពោះពលរដ្ឋណាដែលគ្មានដីពិតប្រាកដ។ ដូចនេះករណីដែលពលរដ្ឋនៅតែបន្តទន្ទ្រានយកដីនេះ ធ្វើជាកម្មសិទ្ធិគ្រាន់តែជាលេសរបស់មន្ត្រីខិលខូចតែប៉ុណ្ណោះ មិនមែនពលរដ្ឋដែលខ្វះខាតពិតប្រាកដនោះទេ ហើយអាជ្ញាធរខេត្ត នឹងស្រាវជ្រាវពិនិត្យឡើងវិញ៕