(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌដង្កោ លោក នុត ពុធដារ៉ា រួមជាមន្ត្រីមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ និងព្រះគ្រូចៅអធិការវត្តឬស្សីសាញ់ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសាអគ្គិភ័យស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ។
អំណោយដែលត្រូវប្រគល់ជូន រួមមាន អង្ករ៦០គីឡូក្រាម មី០២កេស ទឹកត្រី ទឹកស៊ីអ៊ីវ គ្រឿងឧបភោគបរិភាគ និងសម្ភារប្រើប្រាស់ជាង៣០មុខផ្សេងទៀត រួមនឹងថវិកា៨០ម៉ឺនរៀលផងដែរ។
គួរបញ្ជាក់ថា នៅវេលាម៉ោង ៧៖១៥នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ អគ្គិភ័យបានឆាបឆេះ បណ្តាលឲ្យខូចខាតផ្ទះមួយខ្នង ថវិកា និងមាសមួយចំនួន និងសម្ភាប្រើប្រាស់ក្នុងផ្ទះទាំងអស់ ដែលមានម្ចាស់ផ្ទះឈ្មោះ ជា សាម (ពិការ) និងប្រពន្ធឈ្មោះ ផាន់ វណ្ណា (គ្រូបង្រៀននៅបឋមសិក្សាពងទឹក) មានកូនចំនួន០៣នាក់ក្នុងបន្ទុក។
លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាករបស់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយសម្តេចតែងបានផ្តាំផ្ញើដល់ អជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យគិតគូដល់ការលំបាករបស់ និងដោះស្រាយជូនឲ្យបានទាន់ពេលវេលា។
លោក អភិបាលក៏បានពាំនាំការសាកសួរសុក្ខទុក្ខរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋផងដែរ។ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ ជាពិសេសគ្រួសាររងគ្រោះ ត្រូវមានការប្រុងប្រយ័ត្ននៅពេលក្រោយទៀត ជៀសវាងជួបគ្រោះថ្នាក់មួយនេះ៕