(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជំរុញឱ្យសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធថែរក្សាសន្តិភាពនៅកម្ពុជាឱ្យខាងតែ បានទោះជាត្រូវប្តូរដោយតម្លៃណាក៏ដោយ។ ជាមួយគ្នានេះសម្តេច ក៏បានព្រមានដល់ជនដែលស្រមៃចង់ធ្វើបដិវត្តពណ៌នៅកម្ពុជា ឱ្យត្រៀមក្តាមឈូស ទុកសម្រាប់ដាក់ខ្លួនឯងជាមុនដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជំរាប កម្ពុជាដោយតម្លៃណាក៏ដោយ ត្រូវតែរក្សាសន្តិភាពឱ្យបាន អ្នកណាបំផ្លាញសន្តិភាព គឺគ្មានការអត់អោន គ្មានការលើកលែងទេ។ សូមបញ្ជាក់ជូនកុំប្រាថ្នាធ្វើបដិវត្តពណ៌ អត់បានទេ អាហ្នឹងនិយាយតាមមួយបែបទៀតគឺត្រៀមក្តាមឈូស ឱ្យហើយទៅអត់មានឱ្យលេងសើចទេ ព្រោះស្លាប់មនុស្សច្រើនណាស់»។
ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត នៅក្នុងទឹកដីខេត្តកណ្តាល។
ទន្ទឹមនឹងការព្រមានដល់អ្នកដែលចង់ធ្វើបដិវត្តពណ៌ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចេះស្រលាញ់នូវសន្តិភាព និងអ្វីដែលកម្ពុជាកំពុងមានសព្វថ្ងៃ ដើម្បីកុំឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្លង់នៃសង្រ្គាមម្តងទៀត។
សម្តេចបានថ្លែងថា «យើងត្រូវក្តាប់អ្វីដែលជារបស់ពិតនៅក្នុងដៃឱ្យជាប់ អារឿងយើងក្តាប់របស់ពិតនៅក្នុងដៃ មិនជាប់ហ្នឹងហើយ ដែលវាអន្តរាយ ធ្វើឱ្យយើងបាត់បង់នូវពេលវេលា និងស្លាប់មនុស្សច្រើនណាស់។ សុខៗ នាំគ្នាទៅធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ បង្កើតសង្រ្គាមពេញប្រទេស បង្កើតដល់របបប្រល័យពូជសាសន៍ តកូនតជំនាន់មនុស្សទើបដោះស្រាយមានសន្តិភាពសព្វថ្ងៃ»៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖