(ភ្នំពេញ)៖ ការលាលែងពីតំណែងរបស់លោក សម រង្ស៊ី ពីប្រធានគណបក្ស និងបញ្ចប់សមាជិកភាពរបស់គាត់ចេញពីគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកគាំទ្រខ្លួនបានអះអាងថា ជាការសម្រេចចិត្តដោយកិត្តិយស និងដោយភាពវ័យឆ្លាត និងត្រឹមត្រូវដែលលោកប្រធានចេះដើរមុនស្ថានការណ៍ មិនឱ្យច្បាប់ស្តីពីគណបក្សនយោបាយដែលគ្រោងនឹងធ្វើវិសោធនកម្មអាចដេញលោកបានឡើយ និងក៏មានឱកាសរៀបចំខ្លួនឱ្យបាន ល្អនៅក្នុងគណបក្សផងដែរ។ តើការសម្រេចចិត្តរបស់លោក សម រង្ស៊ី ពិតជាត្រឹមត្រូវមែនទេ ឬក៏ជាការសម្រេចចិត្តបែបរាក់កំផែលមួយ ក្នុងនាមជាអ្នកនយោបាយខ្ជីខ្ជារ គ្រាន់តែគេបន្លាចបន្តិច បែរជាភ័យឡើង បែកប្រមាត់ និងធ្វើការសម្រេចចិត្តដោយគ្មានការពិចារណា?
តាមអ្វីដែលលោក សម រង្ស៊ី មានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ លោកបានថ្លែងថា លាលែងពីតំណែងប្រធានបក្សសង្គ្រោះជាតិ គឺដោយមូលហេតុផ្ទាល់ខ្លួន ព្រោះគ្មាននរណាបង្ខិតបង្ខំលោកឡើយនិងដើម្បីផលប្រយោជន៍បក្ស និងជាតិ និងបានបន្ថែមដោយមោទនភាពថា សុខចិត្តស្លាប់ជីវិត កុំឱ្យតែស្លាប់ជាតិ! បោកហើយ បោកទៀត ផេះមែន! ចូលគុកមិនហ៊ានផង ម៉េចហ៊ានស្លាប់ជីវិត! ឆ្លងតាមបទសម្ភាសនេះគេ អាចយល់បានថា ការលាលែងរបស់លោក សម រង្ស៊ី គឺដោយសារតែលោកត្រូវបានគេបំភិតបំភ័យអំពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយរហូតដល់អះអាងថា «ការវិភាគរបស់ខ្ញុំ បើខ្ញុំនៅធ្វើប្រធាន ហើយគេយកលេសថាខ្ញុំមានទោស ហើយអ្នកនយោបាយដែលមានទោសមិនឱ្យធ្វើប្រធានបក្សនយោបាយ បើគណបក្សណាមួយមានប្រធានជាអ្នកមានទោស គេនឹងរំលាយគណបក្សចោល។ ដូច្នេះខ្ញុំមិនត្រូវឱ្យលេសគេរំលាយគណបក្សសង្គ្រោះជាតិទេ»។
តើនរណាជាអ្នករាយការណ៍ជូនគាត់ និងបន្លាចគាត់? រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងទេថា តើសំណើធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្ស នយោបាយនេះ មានខ្លឹមសារយ៉ាងដូចម្តេចផង សូម្បីលោក សម រង្ស៊ី ខ្លួនឯងផ្ទាល់ពេលកំពុងសម្រេចចិត្តក៏មិនទាន់មានខ្លឹមសារច្បាប់ក្នុងដៃ កុំថាឡើយ រង់ចាំមើលច្បាប់ឱ្យច្បាស់សិនមុនសម្រេចចិត្ត គ្រាន់តែឡាគេធឺតែប៉ុណ្ណោះ លោក សម រង្ស៊ី ក៏សម្រេចចិត្តលាលែងពីតំណែងស្រេចបាត់! ទំនងលោក សម រង្ស៊ី ភ័យឡើងបែកប្រមាត់ពេលស្តាប់ការបន្លាចអំពីច្បាប់នេះ! ព្រោះគេបានដឹងហើយថាលោក សម រង្ស៊ី ជាមនុស្សពូកែខ្លាចបំផុត។ គេមិនដឹងថា តើនរណាជាអ្នកបំភ័យដោយបំប៉ោងខ្លឹមសារច្បាប់ដូច្នេះ ឬមួយក៏ជាក្រុមលោក កឹម សុខា? បើដូច្នេះមែន លោក សម រង្ស៊ី ពិតជាអស់គូថខោមិនខាន ដោយសារឥឡូវនេះ អំណាចមូលនៅក្នុងដៃរបស់លោក កឹម សុខា!
ចុះបើខ្លឹមសារច្បាប់ មិនដូចអ្វីដែលលោក សម រង្ស៊ី បានដឹងពិតប្រាកដ ពិសេសមិនបានចែងអំពីការរំលាយបក្ស ដោយសារប្រធានបក្សមានទោស ដោយគ្រាន់តែចែងថា ប្រធានបក្សបាត់បង់តំណែង ដោយសារមានទោសជាប់ខ្លួន ហើយបក្សមិនរំលាយទៅតាមដោយស្វ័យប្រវត្តិ ដោយសារប្រធានបក្ស ជាប់ទោសនោះទេ ! ដូច្នេះមូលហេតុនៃការលាលែងនាពេលនេះរបស់លោក សម រង្ស៊ី គឺជាការលាលែងដែលគ្មានន័យអ្វីសោះ ហើយជាការលាលែងមួយ ដ៏ឆោតល្ងង់ផ្នែកនយោបាយ និងក៏ជាសំណើចចំអកនៃព្រហ្មលិខិតសម្រាប់អ្នកនយោបាយភ្នែកមាន់ស្ងោរ ឬអ្នកនយោបាយអង្ករកំប៉ុងដូចរូបលោក សម រង្ស៊ីនេះ។ បើគ្រប់គ្នាដឹងថា មូលហេតុនៃការលាលែងរបស់លោក សម រង្ស៊ី ជាមូលហេតុខ្ជីខ្ជារ ជាមូលហេតុចេញពីការភ័យបែកប្រមាត់ ហើយជាវីរៈភាពក្នុងក្អមទៅវិញ មិនដឹងថា អ្នកនយោបាយដ៏ល្បីល្បាញដូច គង់ ហ៊ាន រូបនេះ យកមុខទៅលាក់ទុកនៅទីណាទេ! ដូចគេថា មេទ័ពមិនទាន់ឡើងសមរភូមិផង ចុះចាញ់បាត់ទៅហើយ ដោយសារតែការបំភ័យដែលជាផ្នែកមួយនៃសង្រ្គាមផ្នែកចិត្តសាស្រ្ត !
ការសម្រេចចិត្តបែបអត្តនោម័តរបស់លោក សម រង្ស៊ី ពេលនេះ បានធ្វើឱ្យជីវិតនយោបាយរបស់ លោកឈានដល់ការចាប់ផ្តើមនៃទីបញ្ចប់ ព្រោះតាមការលើក ឡើងរបស់លោក យឹម សុវណ្ណ ថាលោកសម រង្ស៊ីលែងមានសិទ្ធិសម្រេចអ្វីទាំងអស់នៅក្នុងបក្សហើយគាត់នឹងក្លាយជាពលរដ្ឋសាមញ្ញ។ អ្នកដែលបន្លាច លោក សម រង្ស៊ី ក៏បានសម្រេច ហើយអំណាចក៏បានប្រមូលដាក់ជើងពានជូនលោក កឹម សុខា ហើយផង ដែរដើម្បីគ្រប់គ្រងបក្សសង្គ្រោះជាតិទាំងមូល។ ដូច្នេះ តើការលាលែងរបស់លោក សម រង្ស៊ី គឺជាភាព វ័យឆ្លាត ឬក៏ជាការឆោតល្ងង់ដែលគ្រាន់តែគេបន្លាច ក៏សម្រេចចិត្តខុស? តាមពិត លោក សម រង្ស៊ី ស្លន់ស្លោរម្នាក់ឯង ចាញ់ការបំភ័យរបស់គេ! តែណាស់ហើយ បើមានអ្នកនយោបាយចាញ់មុនប្រយុទ្ធដូចនេះច្រើនក៏ល្អ ដើម្បីកុំឱ្យខ្មែរបែកបាក់ ដើម្បីកុំឱ្យនគរច្របូកច្របល់ និងសុំត្រឹមមានវិរៈភាពក្នុងក្អមទៅចុះ!