(បន្ទាយមានជ័យ)៖ លោក សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០១៦ ក្រសួងរៀបចំដែនដី បានចុះចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាលរដ្ឋ ទូទាំងប្រទេសកម្ពុជា បានជាង៤លានបណ្ណ។
ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ ទិសដៅការងារ ឆ្នាំ២០១៧ របស់មន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ។
លោក សេង ថានី បានឲ្យដឹងថា «ការចុះបញ្ជីដីធ្លីគិតពីពេលចាប់ផ្តើម រហូតដល់ឆ្នាំ២០១៦ ក្រសួងសម្រេចចែកបណ្ណកម្មសិទ្ធិដីធ្លី បាន ៤,៤៥១,៨១៧បណ្ណ»។
លោកបានបន្តថា ក្រសួងបានទទួលបណ្តឹងទំនាស់ដីធ្លីចំនួន ៧,៥០០ករណី ដោយដោះស្រាយបញ្ចប់ចំនួន ជាង៣,៥០០ករណី បញ្ចូនទៅសមត្ថកិច្ចជាង២,៥០០ករណី។ ដោយឡែកដីក្រៅក្របខ័ណ្ទមានជាង៧០០ករណី។
លោកអនុរដ្ឋលេខាធិការបានបន្ថែមថា នៅឆ្នាំ២០១៦នោះដែរ ក្រសួងបានផ្តល់លិខិតអនុញ្ញតសាងសង់ទូទាំងប្រទេស សម្រេចបានចំនួន ២,៦៣៥គម្រោង ហើយផ្ទៃក្រឡាសំណង់សរុប ១២,១៥៨,២៦៨ម៉ែតក្រឡា។ លោកក៏បានឲ្យមន្ត្រីសូរិយោដីទាំងអស់ ជៀសឲ្យឆ្ងាយអំពើពុករលួយ ការស៊ីសំណូកសូកប៉ាន់ ព្រោះជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោស៕