(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីដាក់បញ្ជាឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចេញបោសសម្អាតកុងត្រូលជជុះ ឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ដោយទុករយៈពេលត្រឹម ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវលុបបំបាត់ចេញឲ្យអស់។
ការប្រជុំដាក់ផែនការខាងលើ ធ្វើឡើងដោយអនុវត្តន៍តាម អនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាអនុវត្តន៍តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឲ្យរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ត្រូវចុះពិនិត្យ និងលុបបំបាត់កុងត្រូលជជុះចេញឲ្យអស់។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តខាងលើ នៅសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
លោកអភិបាលខេត្ត សុខ លូ បានប្រកាសទុករយៈពេល១សប្តាហ៍ ដើម្បីឲ្យកម្លាំងធ្វើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងលុបបំបាត់កុលត្រូលជជុះ ឲ្យអស់ត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយកម្លាំងណាដែលគ្មានការឯកភាព ពីគណៈបញ្ជាការឯកភាពខេត្ត គឺចាត់ទុកជាកម្លាំងអនាធិបតេយ្យ។ «រាល់កម្លាំងពាក់ព័ន្ធនឹងសារព័ត៌មាន ត្រូវដកខ្លួនចេញជាបន្ទាន់»។
លោកបានណែនាំឲ្យអភិបាលក្រុង-ស្រុកទំាងអស់ ត្រូវពង្រឹងការប្រជុំជារៀងរាល់ខែ ចំពោះការដាក់កុងត្រូល ត្រូវមានភាពច្បាស់លាស់ និងមានលិខិតបញ្ជាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ករណីមន្ត្រីចរាចរណ៍ចុះផាកពិន័យបទល្មើសចរាចរណ៍ ត្រូវដាក់ទីតាំងផាកឲ្យបានច្បាស់លាស់ ដោយរាយការណ៍មកប៉ុស្តិ៍នគរបាលឲ្យបានដឹងត្រឹមត្រូវ។
លោកអភិបាលខេត្តបញ្ជាថា «អង្គភាពទំាងអស់ត្រូវដាក់ការងារលើតុ ដើម្បីនិយាយគ្នាកុំធ្វើតែម្នាក់ឯង ត្រូវបែងចែកភារកិច្ចក្នុងការទទួលខុសត្រូវ។ មន្ត្រីទាំងអស់ក៏ត្រូវខិតខំសម្រួលសណ្តាប់ធ្នាប់សាធារណៈ និងរៀបចំសណ្តាប់ធ្នាប់តាមចំណតឡាន និងទីផ្សារមួយចំនួន ដាច់ខាតត្រូវចូលរួមសម្អាតបទល្មើសទំាងអស់គ្នា ពាក់ព័ន្ធនឹងការងារកុងត្រូលជជុះ»។
លោកថែមទាំងបានណែនាំថា «យើងមិនត្រូវយកប្រជាជនធ្វើជាសត្រូវទេ ត្រូវយកប្រជាជនធ្វើជាឪពុកម្តាយរបស់យើង ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យគាត់បានយល់ពីការបង្ក្រាបបទល្មើសព្រៃឈើ និងធ្វើការអប់រំ ហើយអនុវត្តច្បាប់ឲ្យបានតឹងរឹងចំពោះមេក្លោង មិនចាំបាច់អប់រំទៀតទេ»៕