(ត្បូងឃ្មុំ)៖ រោងចក្រផលិតក្ដាបន្ទះ នៅក្បែរទីប្រជុំជនស្រុកមេមត់ (តំបន់ឆ្កែអើត) ដែលគេស្គាល់ថាជារបស់ឧកញ៉ា ឈន ថារី ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការឡោមព័ទ្ធតាំងពីយប់រហូតដល់ព្រឹកទើបព្រះរាជអាជ្ញា ដោយមានក្រឡាបញ្ជី ជាតំណាងចូលត្រួតពិនិត្យ ដោយសង្ស័យថា មានស្តុកឈើល្មើសច្បាប់។
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គេឃើញកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយ លោកក្រឡាបញ្ជីរបស់ព្រះរាជអាជ្ញាមួយរូប ចូលទៅឆែកឆេរ រោងចក្រផលិតក្ដាបន្ទះខាងលើ តែរហូតមកដល់វេលាម៉ោងជាង១១ថ្ងៃត្រង់នេះ គេនៅមិនទាន់ដឹងពីលទ្ធផល យ៉ាងណានៅឡើយទេ។
សមត្ថកិច្ចនៅកន្លែងចុះឆែកឆេរមួយរូប បានបង្ហើបអោយដឹងថា កាលពីយប់ថ្ងៃទី១២ កុម្ភះ គេឃើញរថយន្តសាំងយ៉ុងដឹកឈើចំនួនពីរ គ្រឿងបានដឹកឈើនៅលើផ្លូវជាតិលេខ៧ក្នុងទិសដៅពីស្រុកស្នួលមកស្រុកមេមត់ ហើយពេលសមត្ថកិច្ចហៅត្រួតពិនិត្យ រថយន្តទាំងពីរ គ្រឿងនេះមិនបានឈប់ទេគឺបើករត់មកចូលទីតាំងរោងចក្រផលិតក្ដាបន្ទះខាងលើនេះ ហើយដោយពេលយប់មិនហ៊ានចូលត្រួតពិនិត្យ ទើបសមត្ថកិច្ចធ្វើការ ឡោមព័ទ្ធទីតាំងនេះ រហូតដល់ព្រឹកទើបសុំដីកាលពីព្រះរាជអាជ្ញាចូលឆែកឆេរតែម្ដង។
តាមការពិនិត្យគឺនៅក្នុងរោងចក្រ ខាងលើគេឃើញមានឈើព្រៃប្រភេទខ្លុង ត្បែងជាច្រើនដែលម្ចាស់នាំយកមកសំរាប់ផលិតក្ដាបន្ទះ។ មន្ត្រីមួយរូបបានបង្ហើបឲ្យដឹងថា រោងចក្រនេះជារបស់ឧកញ៉ាឈន ថារី តែគាត់បានជួលទៅឲ្យជនជាតិចិនធ្វើអាជីវកម្ម តែនៅក្នុងច្បាប់គឺអនុញ្ញាត ឲ្យយកឈើប្រភេទដើមអាកាស្យា ដើមស្វាយ ដើមស្វាយចន្ទី និងដើមកៅស៊ូធ្វើជាវត្ថុធាតុដើមសំរាប់ផលិត តែនេះបែរជាគេកាប់ឈើពីព្រៃយកមកផលិតទៅវិញ។
ពាក់ព័ន្ធការចូលឆែកឆេរខាងលើ រហូតមកដល់ថ្ងៃត្រង់នេះ ក្រឡាបញ្ជីបានដកឃ្លាទៅពិចារណា ដោយមិនទាន់មានចំណាត់ការយ៉ាងណា នៅឡើយនោះទេ។ បើមានព័ត៌មានថ្មី អង្គភាព Fresh News នឹងធ្វើការផ្សាយលំអិតបន្ថែមទៀត៕