(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋសភា បានសម្រេចបញ្ជូនសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ទៅកាន់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដែលដឹកនាំដោយ លោក ប៉ែន បញ្ញា ត្រួតពិនិត្យ មុននឹងដាក់ចូលសភាពេញអង្គបោះឆ្នោតអនុម័ត។ នេះបើតាម លោក ឈាង វុន ប្រធានគណៈកម្មការឃោសនា និងកិច្ចការបរទេស។
លោក ឈាង វុន បានបញ្ជាក់ថា វិសោធនកម្មច្បាប់នេះ មានបន្ថែម ចំណុចសំខាន់ ៗជាច្រើន ដើម្បីធានាដល់លទ្ធិប្រជាធិបតេយ្យ ធានារាជបល្ល័ង្ក និងធានាកុំឱ្យអ្នកទោសណាម្នាក់មកធ្វើនយោបាយនៅកម្ពុជាបាន។ លោកបានបន្ថែមថា អ្នកទោសដែលមិនអាចធ្វើនយោបាយបាន គឺស្ថិតនៅក្នុងទោសមជ្ឈឹម និងឧក្រិដ្ឋ។
សូមបញ្ជាក់ថា នៅវេលាម៉ោង៩៖០០នាទីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ ដើម្បីពិនិត្យមើលសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានតំណាងគណៈកម្មការទាំង១០នៃរដ្ឋសភាចូលរួម ក្នុងនោះក៏មានតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិផងដែរ។
សំណើសុំធ្វើវិសោធនកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយ ដែលរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជាចំនួន៦០រូប បានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយក្នុង នោះច្បាប់ថ្មីនេះនឹងមិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យ ធ្វើសកម្មភាពនយោបាយថែមទៀត៕