Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តរតនគិរី ចុះប​ង្ក្រាប និងរឹបអូសឈើប្រណិត​ជាច្រើនដុំ នៅកណ្តាលក្រុងបានលុង, ឈ្មួញលាក់ទុក ប្រុងនាំចេញ​ទៅវៀតណាម

13-02-2017 11:43

(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះបង្ក្រាប និងរឹបអូសឈើប្រណិត ជាច្រើនដុំ ស្ថិតនៅទីតាំងស្តុកឈើមួយកន្លែង ក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក នូវ ដារ៉ា បានប្រាប់ភ្នាក់ងារ Fresh News ថា បន្ទាប់ពីទទួលព័ត៌មានពីកម្លាំងសម្ងាត់ថា ទីតាំងខាងលើ មានរថយន្តដឹកឈើប្រណិតចូលញឹកញាប់រួចមក លោកបានសុំគោលការណ៍ ពីលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្ត និងលោកឧត្តសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើស ព្រមទាំងមានការសម្របសម្រួលតាមច្បាប់ពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​ផងនោះ បានចុះរឹបអូសឈើប្រណិតជាក់ស្តែងតែម្តង។

លោកបានបញ្ជាក់ថា ម្ចាស់ទីតាំងនេះឈ្មោះ យ៉ាវ លាងហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។ កម្លាំងនគរបាល បានរឹបអូសឈើប្រណិត និងឈើលេខមួ ​មួយចំនួនធំ រួចហើយនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៀត។

លោក ម៉ម វណ្ណដា បានថ្លែងថា «ឈើទាំងនេះ បន្ទាប់ពីធ្វើការវាស់វែងរួច យើងនឹងប្រគល់ជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្ត​តាមច្បាប់ស្តីពីព្រៃឈើ»។

បើតាមមន្រ្តីនគរបាល ដែលចូលរួមប្រតិបត្តិការចុះរឹបអូសនេះ ឈើទាំងនេះ ត្រូវបានម្ចាស់ទីតាំងស្តុកទុក ដើម្បីប្រុងនាំ​ទៅកាន់​វៀតណាម។ យ៉ាងណាក៏ដោយ ចំនួនឈើនៅមិនទាន់ដឹងនៅឡើយទេ ហើយពេលចុះបង្ក្រាប ក៏មិនមានការ​ឃាត់ខ្លួនម្ចាស់ទីតាំងបានឡើយ៕