Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាវាកងទ័ពជប៉ុន៣គ្រឿង ចូលចតនៅកំពង់ផែ​ព្រះសីហនុ ដោយនាំកង​ម៉ារីនជិត៦០០នាក់ មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា៤ថ្ងៃ

13-02-2017 11:29

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មាននាវាកងទ័ពជើងទឹកជប៉ុនចំនួន៣គ្រឿង ផ្ទុកកងម៉ារីនសរុបចំនួន ៥៨៤នាក់ ដឹកនាំដោយលោកវរនាវីឯក Hidehisa Horinouchi បានចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដើម្បីមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ។

លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាកងទ័ពជើងទឹកទាំង៣គ្រឿងនោះ រួមមាន៖ នាវាទី១ឈ្មោះ Asayuki មានប្រវែង១៣០ម៉ែត្រ ទទឹង ១៣.៦ម៉ែត្រ និងជម្រៅទឹក ៨.៥ម៉ែត្រ ផ្ទុកកងម៉ារីនចំនួន១៩៦នាក់ បានចូលអែបកំពង់ផែ។ នាវាទី២ឈ្មោះ Shimayuki មានប្រវែង ១៣០ម៉ែត្រ ទទឹង ១៣.៦ម៉ែត្រ និងជម្រៅទឹក ៨.៥ម៉ែត្រ ផ្ទុកកងម៉ារីនចំនួន ១៧៦នាក់ បានចូលអែបកំពង់ផែដែរ និងនាវាទី៣ឈ្មោះ Maki Nami មានប្រវែង ១៥១ម៉ែត្រ ទទឹង ១៧.៤ម៉ែត្រ និងជម្រៅទឹក ៥.៣ម៉ែត្រ ផ្ទុកកងម៉ារីនចំនួន២១២នាក់ តែមិនបានចូលអែបកំពង់ផែទេ។

បើតាមលោក ឱ សារឿន នាវាទាំង៣គ្រឿងខាងលើ បានចូលមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា លោកបានបញ្ជូ​នកម្លាំងនគរបាល សហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធដើម្បីពង្រឹងសន្តិសុខ និងការពារសុវត្ថិភាព ជូនគណៈប្រតិភូអន្តរជាតិរួចហើយ៕