(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបើកសវនាការកាត់ទោសយុវជនម្នាក់ ដែលបង្ហោះវីដេអូតាមហ្វេសប៊ុក ដាក់បណ្តាសាប្រមាថអាយុជីវិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
មន្ត្រីពន្ធនាគារ បញ្ជាក់ថា យុវជនរូបនេះមានឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព អាយុ២៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ និង ញុះញង់ឲ្យមានការរើសអើង តាមមាត្រា២៣៣និងមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។ នាពេលសវនាការ យុវជនរូបនេះ សារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។ រីឯលោក ស៊ិន វីរៈ តំណាងអយ្យការ សន្និដ្ឋានតម្កល់បទចោទប្រកាន់នេះ ទុកជាបានការដដែល។
ប៉ុន្តែក្រោយការសួរដេញដោល លោកចៅក្រម លី សុខលេង បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះវិញ។
គួររំលឹកថា យុវជនរូបនេះ ត្រូវបាននគរបាលខេត្តព្រៃវែង ឃាត់ខ្លួនរួចបញ្ជូនមកក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យឈ្មោះ សាម ភាព អាយុ២៧ឆ្នាំ មានទីលំនៅភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ឲ្យចូលបង្ហាញខ្លួននៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធនឹងករណី ប្រើទំព័រហ្វេសប៊ុកបង្ហោះវីដេអូឃ្លីប ដាក់បណ្តាសាប្រមាថអាយុជីវិតសម្តេចតេជោនាយករដ្ឋមន្ត្រី។
នៅដំណាក់កាលសមត្ថកិច្ច យុវជនរូបនេះ និយាយថា «ចាប់ខ្ញុំនេះ ខ្ញុំដឹងតើ ខ្ញុំមិនមែនរកស៊ីគ្រឿងញៀនទេ គឺចាប់ជេររដ្ឋាភិបាល»៕