(ភ្នំពេញ)៖ លោក ចាន់ណា រ៉ូណាន ផលិតករវ័យក្មេង របស់ផលិតកម្មឥន្ទ្រានិម្មិត បានរៀបចំសន្និសីទសារព័ត៌មាន មួយនៅរាត្រី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភោជនីយដ្ឋាន វីហ្រេ្វន ដើម្បីប្រកាសបង្ហាញមុខតារាសម្តែង ក្នុងភាពយន្តខ្នាតធំទី២ រឿង «សសរកន្លោង»។

ផលិតករដែលធ្លាប់ទទួលបានជោគជ័យក្នុងខ្សែភភាពយន្តខ្នាតធំរឿង «កំណត់ហេតុនាងនាថ» បានប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា លោកមានក្តីរំពឹងខ្ពស់ថា ភាពយន្តថ្មីនេះអាចនឹងកាន់តែកក្រើកខ្លាំង។ កក្រើកខ្លាំងជាងរឿង «កំណត់ហេតុនាងនាថ»
ដោយសារតែរឿងនេះ លោកអះអាងថា រឿងនេះជាប្រភេទរឿងលងបន្លាចខ្លាំង ដែលអាចធ្វើឲ្យអ្នកទស្សនា ប្លែកអារម្មណ៍ ហើយរឿងនេះក៏មិនចាញ់ភាពយន្តរន្ធត់ៗរបស់បរទេសនោះទេ។

លោកថារឿងនេះនឹងនិយាយអំពីសសរកន្លោងដែលដកស្រង់ចេញពីរឿងព្រេងនិទានខ្មែរនិងតាមរយៈការដំណាលគ្នាពីមាត់មួយទៅមាត់មួយរបស់ចាស់ទុំបូកផ្សំជាមួយនឹងគំនិតច្នៃប្រឌិតថ្មីឲ្យរឿងនេះកាន់តែពិសេស។លោកថាក្រៅពីភ័យខ្លាចរឿងនេះក៏នឹងធ្វើឲ្យអ្នកទស្សនាសើចសប្បាយខ្លាំងផងដែរជាមួយឈុតឆាកកំប្លែងជាច្រើន។

លោក ចាន់ណា រ៉ូណាន បានបន្តថា តារាសម្តែងក្នុងភាពយន្តរឿង «សសរកន្លោង» សុទ្ធសឹងតែជាតារាល្បីឈ្មោះ មាន សមត្ថភាពទេព កោលសល្យ និងរូបសម្រស់ស្រស់ស្អាត។ សាច់រឿងបច្ចេកទេសថ្មី នឹងធ្វើឲ្យភាពយន្តនេះក្លាយជាភាពយន្ត ដែលភ័យរន្ធត់បំផុតមិនធ្លាប់មាននិងជារឿងដែលមានគុណភាពខ្ពស់មួយផងដែរ។

ផលិតករវ័យក្មេង និងស្រស់សង្ហាររូបនេះ បានបញ្ជាក់ទៀតថា ភាពយន្តថ្មីនេះនឹងចាប់ផ្តើមធ្វើការផលិតចាប់ពី ថ្ងៃទី៦ខែមីនា ឆ្នាំ២០១៧នេះដែលនឹងមានពិធីក្រុងពាលីតែម្តងនៅតំបន់ដែលសិល្បករផលិតករចេញទៅថតគឺខេត្តកែប។លោកថានឹងត្រូវចំណាយពេលថតប្រមាណជិតមួយខែនិងត្រូវប្រើប្រាស់ដើមទុននៃការផលិតច្រើនជាងរឿងទី១ដែលផលិតអស់ប្រមាណ៨ម៉ឺនដុល្លារអាមេរិកនោះ។

តារាសម្តែងនៅក្នុងរឿងនេះមានកញ្ញា យ៉ែម ស្រីពេជ្រ លោកទ្រី តារាវុធ លោក ភីម៉ៃ អ្នកនាងម៉េង ប៉ោង លោកហេង ចាន់ វិសាល អ្នកនាង ឆៃ លីដាឡែន លោក ហ៊ុន សុភី និងតារាសម្តែងថ្មីដែលសុទ្ធសឹងតែជាFeshie Boy និង Freshie Girl មានសម្រស់ស្រស់ស្អាត សង្ហារ និងមានសមត្ថភាពខ្ពស់ក្នុងការសម្តែងផងដែរ។

នេះជាស្នាដៃទី២ ហើយរបស់ លោក ចាន់ណា រ៉ូណាន ផលិតករវ័យក្មេង របស់ផលិតកម្មឥន្ទ្រានិម្មិត ក្រោយពីផលិតរឿង «កំណត់ហេតុនាងនាថ» ទទួលបានប្រជាប្រិយភាពនិងចំនួនអ្នកគាំទ្រច្រើនបំផុតប្រចាំឆ្នាំ២០១៦។ ក្រោយពីផលិតស្នាដៃទី២នេះចប់ លោក ចាន់ណា រ៉ូណាន នឹងត្រៀមផលិតរឿងថ្មីមួយទៀត មានចំណង់ជើងថា «សំណើច៦៥៣គីឡូម៉ែត» បន្តទៀតដើម្បីបម្រើអារម្មណ៍អ្នកទស្សនា ឲ្យកាន់តែប្លែងបន្ថែមទៀត៕