(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧ ដើម្បីចូលជួបពិភាក្សាជាមួយ លោក ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ា។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ដោយមានការអញ្ជើញពីលោក U Myint Swe អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្រ្តី នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសហភាពមីហ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ ខាងមុខ។
ក្នុងឱកាសទស្សនកិច្ចនោះ លោកឧបនាយករដ្ឋមន្រ្តី នឹងជួបសម្ដែងការគួរសមជាមួយ លោក ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលទើបតែមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ហើយលោកឧបនាយករដ្ឋមន្រ្តី ក៏នឹងជួបពិភាក្សាការងារជាមួយលោក U Myint Swe អនុប្រធានាធិបតីមីហ៉ាន់ម៉ា និងលោកស្រី Daw AungSan SuuKyi ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាទៀតផង។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏នឹងអញ្ជើញទៅទស្សនារមណីយដ្ឋានទេសរចណ៍វប្បធម៌ របស់មីយ៉ាន់ម៉ាផងដែរ ដូចជាទីក្រុងបុរាណណៃពីដា ទីក្រុងបុរាណបាកាន និងទីក្រុងម៉ាន់ដាឡេ៕