(ប៉ៃលិន)៖ លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំដែន ព្រំ នៃសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន នៅម៉ោង​១១៖២៥នាទី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរបស់លោក បុកជាមួយរថយន្តដឹកម៉ៃឃូ ក្នុងភូមិរថក្រោះឆេះ ខេត្តប៉ៃលិន។

សមត្ថកិច្ចនគរបាល​ខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា មុនពេល​កើតហេតុ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកព្រំដែនព្រំ បានធ្វើដំណើរចេញពី​កន្លែងធ្វើការ ត្រឡប់ទៅផ្ទះ នៅខេត្តបាត់ដំបង លុះដល់កន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តរបស់លោក រ៉ិត គង់ ក៏បុកជាមួយរថយន្តធុនធំ ដឹកម៉ៃឃូ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង​នៅចំណុចភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយមូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារ​រថយន្តជនរងគ្រោះបានបើករេចង្កូតទៅខាងឆ្វេងដៃ ក៏ប៉ះជាមួយរថយន្តដឹកទំនិញធុនធំ បណ្តាលឲ្យក្រឡាប់ស្លាប់តែម្តង។ លោកបន្តថា នៅព្រឹកនេះ កម្លាំងសមត្ថកិច្ចបាន​​​ចុះស្ទួចរថយន្ត​ទាំងពីរចេញពីកន្លែង​កើតហេតុ​ផងដែរ៕