(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត នៅក្នុងទឹកដីខេត្តកណ្តាល។

ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ដែលជាស្ពានប្រវត្តិសាស្រ្តថ្មីមួយទៀតនៅលើទឹកដីខេត្តកណ្តាលនេះ ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ មានប្រវែង ៤១៥ម៉ែត្រ និងមានទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។ ស្ពាននេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ហើយត្រូវបានចាក់បេតុងតភ្ជាប់នៅថ្ងៃទីទី០៨ ខែសីហា ឆ្នាំ២០១៦ និងត្រូវបានសាងសង់ បញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៦។

ស្ពានជាប្រវត្តិសាស្រ្តលើទឹកដីកោះធំក្នុងសម័យតេជោសែន ត្រូវបានចំណាយថវិកាសាងសង់ ១៩.៣៩លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពី រដ្ឋាភិបាលចិន រួមជាមួយថវិកាបដិ ភាគរាជរដ្ឋាភិបាលកម្ពុជាប្រមាណ ២.៨លានដុល្លារអាមេរិក។ ស្ពានកោះធំតភ្ជាប់ពីផ្លូវជាតិលេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ នៅប្របមាត់ទន្លេត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-ចិន បានជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងស្រុកកោះធំ ក្នុងការធ្វើដំណើរ ដែលកន្លងមកធ្លាប់តែឆ្លងទូកដនោះ។ ស្ពាននេះ ក៏ត្រូវបានរំពឹងថា ក្លាយជាសរសៃសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកកោះធំ ក៏ដូចប្រជាពលរដ្ឋនៅតំបន់ដទៃទៀត ដឹកកសិផលរបស់ពួកគេទៅកាន់ទីផ្សារ។

ស្ពានកោះធំ ជាស្ពានឆ្លងកាត់ទន្លេទី៧ហើយនៅកម្ពុជា ដែលរដ្ឋាភិបាលចិន បានផ្តល់ប្រាក់កម្ចីសាងសង់។ ស្ពានឆ្លងកាត់ទន្លេចំនួន៦ទៀត ដែលផ្តល់ប្រាក់កម្ចីសាងសង់ដោយរដ្ឋាភិបាលចិនដែរនោះរួម៖ ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និង ស្ពានតាខ្មៅ។ ស្ពានទាំង៧នេះ មានប្រវែងសរុបជាង ៦គីឡូម៉ែត្រ៕