(ភ្នំពេញ)៖ នៅក្នុងឱកាសជូនដំណើរកូនប្រុស ដែលជាកីឡាករដ៏ល្បីរបស់កម្ពុជា ចាន់ វឌ្ឍនាកា ឡើងយន្ដហោះធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមជាមួយក្លឹបថ្មី Fujieda MYFC នាយប់ថ្ងៃទី១២ ខែកុម្ភៈ លោក ចាន់ ចេស្ដា អភិបាលខេត្តកំពត បានទម្លាយឲ្យដឹងនូវរឿងរ៉ាវមួយចំនួន មុននឹងសម្រេចចិត្តឲ្យកូនប្រុសបង្កើតរបស់ខ្លួនចាកចេញពីកម្ពុជា ទៅបន្ដអាជីពបាល់ទាត់នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៧នេះ។
លោក ចាន់ ចេស្ដា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយន្ដដ្ឋានអន្ដរជាតិភ្នំពេញថា «មុនមានការទាក់ទងពីក្លឹបជប៉ុន គាត់(វឌ្ឍនាកា)ប្រាប់ថា មានប្រទេសជាច្រើនចង់បានគាត់ រួមមានថៃ និងម៉ាឡេស៊ីជាដើម ដែលហ៊ានឲ្យប្រាក់ខែខ្ពស់ជាងជប៉ុន។ តែអ្វីដែលខ្ញុំសម្រេចក្នុងនាមឪពុកម្ដាយ ឲ្យទៅលេងនៅជប៉ុន គឺមិនសម្លឹងឃើញប្រាក់ខែទេ ដោយគិតថាបទពិសោធន៍ក្នុងទ្វីបអាស៊ី ជប៉ុនគឺជាប្រទេសរីកចម្រើនលើវិស័យបាល់ទាត់ខ្ពស់ជាងគេ» ។
«ដោយហេតុនេះយើងអាចប្រើពាក្យសាមញ្ញមួយថា គាត់(វឌ្ឍនាកា) អាចស្ថិតក្នុងចំណោមអ្នកខ្សោយ នៅប្រទេសខ្លាំង ប្រសើរជាងគាត់ស្ថិតក្នុងចំណោម អ្នកខ្លាំង នៅប្រទេសខ្សោយ។ ហេតុផលនេះហើយ ដែលខ្ញុំសម្រេចឲ្យ ចាន់ វឌ្ឍនាកា ទៅលេងនៅជប៉ុន»។ លើសពីនេះក៏មានការជំរុញពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលលើកទឹកចិត្តឲ្យ ចាន់ វឌ្ឍនាកា ទៅលេងនៅជប៉ុនផងដែរ។ នេះបើតាមសម្ដីបញ្ជាក់បន្ថែមរបស់លោក ចាន់ ចេស្ដា។
អភិបាលខេត្តកំពតដដែលរូបនោះរំពឹងថា ការចាកចេញរបស់ ចាន់ វឌ្ឍនាកា លើកនេះនឹងនាំមកវិញនូវបទពិសោធន៍ល្អៗ សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យ កីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើននាពេលអនាគត ហើយក៏ជាគំរូដ៏ល្អមួយ សម្រាប់យុវជនជំនាន់ក្រោយឲ្យខិតខំហ្វឹកហាត់ និងលេងកីឡា ដើម្បីសម្រេចក្ដីសុបិនក្លាយជាកីឡាករអាជីព និងមានឱកាសបានទៅលេងឲ្យក្លឹបល្បីៗលើឆាកអន្ដរជាតិដូចកីឡាករ ចាន់ វឌ្ឍនាកា ផងដែរ។
គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបបឹងកេតអង្គរ ព្រមព្រៀងផ្ទេរទៅលេងឲ្យក្លឹបលីគលំដាប់ទី៣ របស់ជប៉ុន Fujieda MYFC ក្នុងលក្ខខណ្ឌខ្ជីជើងមួយ រដូវកាល(ឆ្នាំ២០១៧) ហើយ ចាន់ វឌ្ឍនាកា ក៏ជាកីឡាករកម្ពុជាទី១ ដែលត្រូវបានក្លឹបជប៉ុននាំយកទៅលេងនៅទីនោះផងដែរ។ ប៉ុន្ដែចំពោះតម្លៃខ្លួននៃការផ្ទេរ ក៏ដូចជាប្រាក់ខែទទួលបានពីការទៅលេងឲ្យក្លឹប Fujieda MYFC មិនបានភាគីពាក់ព័ន្ធទម្លាយឲ្យដឹងនោះទេ៕