(កំពង់ស្ពឺ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចំណាយពេល១ថ្ងៃ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលខ្លួនពេញចិត្តគាំទ្រក្នុងការដឹកនាំមូលដ្ឋានតទៅទៀត នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។
ការចុះអំពាវនាវដល់មូលដ្ឋានប្រជាពលរដ្ឋាផ្ទាល់នេះ ធ្វើឡើងក្នុងឱកាស សម្ដេច សាយ ឈុំ អញ្ជើញចូលរួមទទួលទានអាហារថ្ងៃត្រង់ ជាមួយប្រជាពលរដ្ឋជាច្រើននាក់ មកពីភូមិត្រពាំងពោធិ៍ ភូមិត្រពាំងក្រឡឹង ភូមិព្រៃក្ដួច និងភូមិអង្គតាឯក នៃឃុំភ្នំតូច ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ឃុំភ្នំតូច អនុវត្តគោលនយោបាយអភិវឌ្ឍភូមិឃុំបានល្អ មានជាអាទិ៍ ស្ថិរភាពសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងភូមិឃុំ ជីវភាពរបស់ប្រជាជន ក៏មានការរីកចម្រើន ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ ប្រជាជនក្នុងឃុំទាំងមូលបានរស់នៅដោយសុខដុមរមនាជាមួយគ្នា ទោះបីជាមាននិន្នាការនយោបាយផ្សេងគ្នាខ្លះក៏ដោយ។
ចំពោះការបោះឆ្នោតនាពេលខាងមុខ ប្រជាពលរដ្ឋសុទ្ធតែបានអះអាងថា បានទៅចុះឈ្មោះបោះឆ្នោត និងបានទៅពិនិត្យបញ្ជីបោះឆ្នោតរួចហើយ។ ជាការឆ្លើយតប សម្ដេច សាយ ឈុំ បានលើកសរសើរចំពោះការខិតខំប្រឹងប្រែង អនុវត្តគោលនយោបាយអភិវឌ្ឍភូមិ-ឃុំ របស់ខ្លួនទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។
សម្ដេចបានសំណូមពរឲ្យប្រជាពលរដ្ឋខិតខំបន្ត ដើម្បីបន្តកសាងភូមិ-ឃុំរបស់ខ្លួន ឲ្យមានការរីកចម្រើនឆាប់រហ័ស។ សម្ដេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរៀបចំការងាររបស់ខ្លួន ឲ្យបានល្អដើម្បីទុកពេល១ថ្ងៃ គឺនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលខ្លួនពេញចិត្ត ឲ្យបន្តដឹកនាំឃុំ-សង្កាត់ រយៈពេល៥ឆ្នាំ តទៅមុខទៀត។
ក្រោយបញ្ចប់អង្គប្រជុំ សម្ដេច សាយ ឈុំ បានអញ្ជើញប្រជាពលរដ្ឋទាំងអស់ ទទួលទានអាហារថ្ងៃត្រង់ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងស្នីទ្ធស្នាលបំផុត៕