(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុនី ក្រុមការងារស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចំនួន៣៤នាក់ បានបន្តចុះពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញជូនកុមារៗ និងបុគ្គលិកជាច្រើន នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) ព្រមទាំងប្រជាពលរដ្ឋនៅក្បែរនោះផងដែរ សរុបចំនួន ជិត១០០នាក់។
សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងអង្គការមូលនិធិកុមារកម្ពុជាផ្ទាល់ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ នាពេលកន្លងទៅ លោក ហ៊ុន ម៉ាណែត និងលោកស្រី ក៏តែងតែបានគិតគូរពីសុខទុក្ខ និងតម្រូវការផ្សេងៗរបស់កុមារ នៅក្នុងអង្គការនេះផងដែរ ដោយបានផ្តល់នូវសម្លៀកបំពាក់ សម្ភារសិក្សា និងអំណោយផ្សេងៗ ដើម្បីឱ្យពួកគេមានសេចក្តីសង្ឃឹម និងភាពកក់ក្តៅក្នុងការកសាងអនាគតដ៏ប្រសើរ។
លើសពីនេះ លោកទាំងពីរក៏បានគិតពីសុខភាពរបស់សុខភាពរបស់កុមារៗទាំងនោះដែរ តាមរយៈការចុះពិនិត្យ និងព្យាបាលមាត់ធ្មេញជូនពួកគេដោយឥតគិតថ្លៃ។ ទាំងអស់នេះ បានផ្តល់នូវការអាណិតស្រលាញ់កុមារ ដោយផ្តោតសំខាន់ទាំងផ្លូវកាយ និងផ្លូវចិត្ត និងគំនិតប្រាជ្ញារស់ពួកគេ។
បុគ្គលិក ប្រជាពលរដ្ឋ និងកុមារៗ នៅក្នុងអង្គការមូលនិធិកុមារកម្ពុជាខាងលើ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលពួកគេទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់ពីសំណាក់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ក៏ដូចជាក្រុមការងារសមាគម TYDA។
សូមបញ្ជាក់ថា ការចុះពិនិត្យ និងព្យាបាលកុមារកំព្រាដោយឥតគិតថ្លៃ តាមបណ្តាអង្គការនានា គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីមួយចំនួនរបស់សមាគម TYDA ក្នុងនោះរួមមាន ការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្តាខេត្ត, ការចុះពិនិត្យ និងព្យាបាលកម្មករកម្មការិនី ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្តារោងចក្រ, ការចុះអប់រំសុខភាពតាមសហគមន៍ និងសកម្មភាពផ្សេងៗរបស់សមាគម៕