(ព្រះវិហារ)​៖​ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការ​អណ្តូងទឹកស្អាត ចំនួន១៩ (មានលេខរៀងពីទី១៥៦ ដល់ទី១៧៤) ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន៣១១គ្រួសារ ស្មើនឹងមនុស្ស៩៧៥នាក់ នៅឃុំជាំក្សាន្ត ឃុំទឹកក្រហម ឃុំព្រីងធំ នៃស្រុកជាំក្សាន្ត និងនៅមជ្ឈមណ្ឌលតម្បាញសូត្រកម្ពុជា ក្នុងក្រុងព្រះវិហារ នៃខេត្តព្រះវិហារ។

នៅក្នុងពិធីប្រគល់អណ្តូងទឹកទាំងនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញេីសួរ សុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន​ ជូនដល់ប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានេះដែរ​ លោកវេជ្ជ.​ បានបញ្ជាក់យ៉ាងច្បាស់នូវអនុសាសន៍សម្តេចប្រធានថា​ សូមប្រជាពលរដ្ឋ​ ថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវបរិភោគទឹកដាំពុះ និងចូលរួមដាំដំណាំ ឬបន្លែផ្សេងៗ​ នៅជុំវិញអណ្តូង​ទឹក ដើម្បីជាប្រយោជន៍ដល់សហគមន៍ និងត្រូវចូលរួមថែរក្សានូវសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។

ប្រជាពលរដ្ឋ​ ក៏ដូចជាអាណាព្យាបាល និងសិស្សានុសិស្ស ដែលមកចូលរួមក្នុងពិធីប្រគល់សមិទ្ធផលអណ្ដូងទឹកនេះ​ បានសំដែងនូវការដឹងគុណដោយក្តីរំភើប និងសូមថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាទាំងនេះ និងបានប្តេជ្ញាខិតខំថែរក្សារាល់សមិទ្ធផលទាំងនេះឲ្យបានជាប្រយោជន៍រួមដ៏យូរអង្វែងទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា​ គិតចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៦ កន្លងទៅនេះកាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋបានរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹកបានសរុបចំនួនរាប់ពាន់អណ្ដូង​ ហើយបាន​ និងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត។​ ដោយឡែក​ សម្រាប់ខេត្តព្រះវិហារ​ ទទួលបានចំនួន១៧៤ អណ្តូងរួចមកហើយ​ ពីកាកបាទក្រហមកម្ពុជា​៕