(ព្រះវិហារ)៖ លោកស្រី សួស យ៉ារ៉ាទេវី ដែលជាភរិយាលោក សួស យ៉ារ៉ា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ត្រូវប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការសាខាសាមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ចលនាស្ត្រីខេត្តព្រះវិហារ។
ពិធីនេះត្រូវបានធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ក្រោមអធិបតីភាពលោកស្រី មាន សំអាន អនុប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត ព្រមទាំងសមាជិក សមាជិកាសមាគមន៍នារីខេត្តព្រះវិហារជាច្រើនរូបទៀត។
លោកស្រី មាន សំអាន បានថ្លែងថា ការប្រកាសតែងតាំងភារកិច្ចជូនលោកស្រី សួស យ៉ារ៉ាទេវី ជាប្រធាននិងសមាជិកគណៈកម្មាធិការសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្តព្រះវិហារនៅពេលនេះ គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមលើកកម្ពស់សិទ្ធិស្ត្រី និងជួយស្ត្រីមានវិបត្តិផ្សេងទៀតឲ្យបានទាន់ពេលវេលា៕