(រតនគិរី)៖ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មីសន្លាងមួយ ស្ថិតនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីផ្តល់ភាពងាយស្រួលដល់សមាជិក សមាជិកា ក្នុងការធ្វើការងារបម្រើប្រជាពលរដ្ឋ។
អគារទីស្នាក់ការបក្សនេះ ត្រូវបានកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ដោយលោក ថង សាវុន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី និងមានការអញ្ជើញចូលរួមអបអរសាទរពីសមាជិក សមាជិកាបក្ស ព្រមទាំងប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត។
អគារស្នាក់ការគណបក្សស្រុកថ្មីនេះ សាងសង់អំពីឥដ្ឋប្រក់ក្បឿងទំហំ ១០x២១ ម៉ែត្រ លើផ្ទៃដីទំហំ ២៦x៧៥ម៉ែត្រ ចំណាយថវិកាអស់ ៥៤,៣០៥ដុល្លារសហរដ្ឋអាមេរិក និងលុយខ្មែរ ៩,៨២៥,០០០រៀល។
លោក ថង សាវុន បានថ្លែងថា អគារទីស្នាក់ការថ្មីសាងសង់ឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកអូរយ៉ាដាវធ្វើការងារបម្រើប្រជាពលរដ្ឋ។ លោកថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់៕