(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តមង្គលសត្ថារាម ហៅវត្ត «ឃ្លោយ» ស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម ដែលប្រសូតចេញពីមនុញ្ញផលនៃការអភិវឌ្ឍជាតិមាតុភូមិ ដើម្បីទ្រទ្រង់លើកស្ទួយព្រះពុទ្ធសាសនា និងផ្តើមចេញពីកម្លាំងមហាសាមគ្គីរបស់អាជ្ញាធរដែនដី ព្រះសង្ឃ លោកយាយ លោកតា ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស គិតជាថវិកាប្រមាណ ៣៣៨,៨៩០ ដុល្លារអាមេរិក។
លោករដ្ឋមន្ត្រី បានលើកឡើងអំពីការរស់ឡើងវិញនៃព្រះពុទ្ធសាសនា និងការរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ នៅក្រោមដំបូលសន្តិភាពដែលជាសមិទ្ធផលនៃនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោករដ្ឋមន្រ្តីបន្តថា វិនិយោគិនបរទេសដែលចូលមកបណ្តាក់ទុករកស៊ីនៅក្នុងប្រទេសកម្ពុជា ក៏ព្រោះតែកម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយល្អជាងគេនៅក្នុងតំបន់ ដែលប្រការនេះ បានរួមចំណែកដល់ការបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋ សម្រាប់កសាងរាល់សមិទ្ធផលនានាទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។
«នៅពេលដែលគោលនយោបាយរដ្ឋ មិនអំណោយផលដល់ការវិនិយោគ នោះប្រាកដជាគ្មានការងារ និង ប្រាក់ចំណូលច្រើនសម្រាប់ប្រជាជន ហើយព្រះតេជព្រះគុណក៏គ្មានឱកាសធ្វើការសាងសង់នូវទីអារាម សម្រាប់បូជាដែរ»។ លោក ប៉ាន សូរសក្តិ បានគូសបញ្ជាក់។
«ខ្ញុំសង្ឃឹមថាព្រះវិហារដែលជាសមិទ្ធផលថ្ងៃនេះ នឹងដើរតួនាទីបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដើម្បីប្រជាពុទ្ធបរិស័ទធ្វើការគោរពប្រតិបត្តិ និងជាទីម្លប់សម្រាប់សមណសិស្ស-និស្សិតទាំងអស់ ធ្វើការសិក្សាក្រេបជញ្ជក់ចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល»។ លោករដ្ឋមន្ត្រី បានបន្ថែម។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បាននាំយកនូវថវិកា និងអំណោយជាសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីប្រគល់ជូនដល់ប្រជាពល រដ្ឋ យាយជី-តាជី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងសមត្ថកិច្ច ព្រមទាំងសន្យាជួយកសាងទំនប់ទ្វាទឹកដែលមានតម្លៃ ៣,៧០០ដុល្លារ និងផ្លូវលំក្រាលគ្រោះក្រហមប្រវែង ៥គីឡូម៉ែត្រ ដែលមានតម្លៃ ៣៧លានរៀល ដើម្បីទុកជាចំណងដៃជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានប្រើប្រាស់ផងដែរ៕