(កណ្តាល)៖ ប្រជាពលរដ្ឋចំនួន១៦គ្រួសារ រស់នៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បាននាំគ្នាតវ៉ាប្រឆាំង គណៈកម្មការចម្រុះចុះទៅអនុវត្តដីការក្សាការពារលើដីស្រែ របស់ពួកគាត់ ដែលពួកគាត់អាស្រ័យផល តាំងតែពីដូនតារបស់ពួកគាត់មកម្ល៉េះ ដោយពុំដែលធ្លាប់បានលក់ដូរឡើយ ប៉ុន្តែការចុះអនុវត្តនេះមិនបានសម្រេចនោះទេ រហូតមានការដកថយទៅវិញ។
ពលរដ្ឋថា កន្លងមកក្រុមហ៊ុន7NG ធ្លាប់មានទំនាស់លើដីនេះម្តងរួចមកហើយ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលចេញ ស.ជ.ណ កាត់ប្រគល់ឲ្យប្រជាពលរដ្ឋ។ រហូតដល់ពេលនេះ ស្រាប់តែមានអ្នកទី៣ចេញមកអះអាងថា ជាដីមានការពាក់ព័ន្ធជាមួយគេ រហូតតុលាការចេញដីការក្សាការពារ តែ ប្រជាពលរដ្ឋថា អយុត្តិធម៌។
ការចុះអនុវត្តដីការខាងលើធ្វើឡើងនាចុងសប្តាហ៍នេះ ស្ថិតនៅចំណុចឬស្សីជ្រោយ ក្នុងភូមិលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប៉ុន្តែមិនបានជោគជ័យនោះឡើយ ដោយសារតែប្រជាពលរដ្ឋចេញមកតវ៉ា រហូតក្រុមការងារទាំងអស់ សម្រេចផ្អាកជាបណ្តោះអាសន្នវិញតែម្តង។
លោក ណុប សាវុធ អាជ្ញាសាលាដែល បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តដីការក្សាការពារខាងលើនោះ បានប្រាប់ប្រជាពលរដ្ឋទាំង១៦គ្រួសារថា ការចុះអនុវត្តដីការនេះ លោកធ្វើឡើងទៅតាមសេចក្តីជូនដំណឹងរបស់ព្រះរាជអាជ្ញាអមសាលាដំបូងកណ្តាលលោក លឹម សុគន្ថា ដែលបានជូនដំណឹង ឱ្យគណៈកម្មការចម្រុះ ចុះអនុវត្តដីកាសម្រេចរក្សាការពារលេខ២៦ ដកសរ/ក ចុះថ្ងៃទី០៩ ខែកុម្ភៈ សប្តាហ៍មុននេះ។
លោកបានពន្យល់ទៅប្រជាពលរដ្ឋថា «ការចុះអនុវត្តដីកាខាងលើធ្វើឡើងទៅ តាមបណ្តឹងម្ចាស់បំណុលក្នុងគោលបំណងរក្សាដីទំហំជាង៩ហិកតា ស្ថិតនៅចំណុចខាងលើ ទុកជាបណ្តោះអាសន្ន មិនឲ្យភាគីកូនបំណុលឈ្មោះ យឺន សាខន និងបក្ខពួកទាំង១៨គ្រួសារ មិនឱ្យផ្ទេរសិទ្ធិដោះដូរ ឬបញ្ចាំ និងអាស្រ័យបណ្តោះអាសន្ន ដោយរង់ចាំដោះស្រាយបណ្តឹងនេះរួចរាល់ជាមុនសិន»។
ទោះបីជាមានការពន្យល់យ៉ាងណាក៏ដោយ លោកស្រី យឺន សាខន ភាគីកូនបំណុលរួមទាំងពលរដ្ឋ១៦ គ្រួសារខាងលើ បាននាំគ្នារារាំងការចុះអនុវត្តដីការនេះ ដោយមិនអនុញ្ញាតឱ្យមានការវាស់វែងលើដី ស្រែគាត់នោះទេ ដោយអះអាងថា ពួកគាត់បានកាន់កាប់អាស្រ័យផលដីនេះ តាំងពីដូនតាមក ដោយ ត្រូវកាប់រានព្រៃប្រឈម នឹងគ្រាប់អាវុធយុទ្ឋភណ្ឌ នៅសល់ពីសម័យសង្រ្គាម រួមនឹងប្រឈម និងសត្វអាសិរពឹសផ្សេងៗថែមទៀត ហើយមិនដែលស្គាល់ភាគីម្ចាស់បំណុលពីមុនមកម្តងណាទេ ហេតុអ្វីបានជាមកអនុវត្តដីការក្សាការពារ លើដីពួកគាត់ដូច្នេះ។
អ្នកស្រីបានបន្តថា ដីនេះធ្លាប់មានទំនាស់ជាមួយក្រុមហ៊ុន7NG ម្តងរួចមកហើយ ប៉ុន្តែដោយសារមានឯកសារគ្រប់គ្រាន់ ទើបមានការអន្តរាគមន៍ ពីអាជ្ញាធរ និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តីបានចេញ ស.ជ.ណ កាត់ដីនេះមកឱ្យពួកគាត់តាំងពីឆ្នាំ២០០៨មកម្ល៉េះ មិនគួរមាន ជនទី៣មករំលោភ និងយកប្រព័ន្ធតុលាការមកសំឡុតគម្រាមយកដីពួកគាត់នោះទេ។
លោក ជឹប ម៉ៅ តំណាងភាគីម្ចាស់បំណុល បានឱ្យដឹងថា ដីនេះមិនស្ថិតក្នុងដែនគ្របបណ្តប់ដោយ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តីនោះទេ ដោយ ស.ជ.ណ កាត់ដីជូនពលរដ្ឋនៅស្រុកល្វាឯមប៉ុណ្ណោះ ប៉ុន្តែដីទំនាស់នេះ គឺបងប្រុសរបស់លោក បានទិញពីពលរដ្ឋ នៅក្នុងឃុំស្វាយជ្រំ ស្រុកខ្សាច់ កណ្តាលកាលពីដើមឆ្នាំ២០១៥ និងចុងឆ្នាំ២០១៦ថ្មីៗនេះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរឃុំ និងស្រុកផងដែរ។
យ៉ាងណាក៏ដោយ ក្រោយពីមានការតវ៉ាមិនឱ្យចុះវាស់វែងលើដីស្រែខាងលើ លោក ណុប សាវុធ ក៏បានធ្វើកំណត់ហេតុ និងអានឱ្យភាគីទាំងសងខាងស្តាប់ ហើយបានដឹកនាំគណៈកម្មការ ចម្រុះត្រឡប់មកវិញដោយមិនបានបញ្ជាឱ្យមន្រ្តីជំនាញ និងកម្លាំងសមត្ថកិច្ច ចុះវាស់វែងលើដីខាងលើនោះឡើយ។
ប្រជាពលរដ្ឋដែលដឹងប្រវត្តដីនេះ បាននិយាយថា ដីស្រែប្រាំងជាង៩ហិកតាកាល ពីមុនស្ថិតនៅក្នុងតំបន់ប្រទាញ់ប្រទង់ដែន រដ្ឋបាលស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ហើយធ្លាប់មានទំនាស់ជាមួយក្រុមហ៊ុន7NG ដោយមានឯកសារច្បាស់លាស់នៅឆ្នាំ២០០៨ ត្រូវបានរាជរដ្ឋាភិបាលចេញ ស.ជ.ណ កាត់ឲ្យប្រគល់ឲ្យប្រជាពលរដ្ឋ ស្រុកល្វាឯម រហូតដល់ឆ្នាំ២០១៤ ស្រុកទាំងពីរ បានកំណត់ដែនរដ្ឋបាលច្បាស់លាស់ទើបដឹងថា ដីនេះស្ថិតនៅក្នុងដែនរដ្ឋបាលស្រុកខ្សាច់កណ្តាល ទើប លោកអាជ្ញាធរស្រុកខ្សាច់កណ្តាល តម្រូវឲ្យអាជ្ញាធរស្រុកល្វឯម ចេញលិខិតមួយទទួលស្គាល់ថា ដីរបស់ប្រជាពលរដ្ឋស្រុកល្វាឯមអ្នកកាន់កាប់៕