(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការភ្លាម នៅប៉ុន្មាននាទីមុននេះដោយទទួលស្គាល់ លើការលាលែងពីតំណែងរបស់ លោក សម រង្ស៊ី ហើយចាប់ពីពេលនេះតទៅ លោក កឹម សុខា ត្រូវធ្វើជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ រហូតដល់ផុតអាណត្តិ។
លោក យឹម សុវណ្ណ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានប្រកាសជាផ្លូវការនៅក្នុងសន្និសីទកាសែតថា មេដឹកនាំកំពូលៗរបស់ CNRP យល់ព្រមឲ្យ លោក សម រង្ស៊ី លាឈប់ពីតំណែងប្រធានគណបក្សសង្រ្គោះជាតិ ហើយចាប់ពីពេលនេះតទៅ លោក កឹម សុខា ក្លាយជាប្រធានស្តីទីរហូតដល់ជ្រើសរើសប្រធានថ្មី។
លោក យឹម សុវណ្ណ បានបញ្ជាក់បន្ថែមថា ការធ្វើសមាជជ្រើសរើសប្រធានបក្សថ្មី នឹងធ្វើឡើងនៅមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ខាងមុខ ស្របតាមលក្ខន្តិកៈដែលសមាជបក្ស លើកមុនធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១២។
ការប្រកាសបែបនេះ បានធ្វើឡើងនៅក្នុងសន្និសិទកាសែតមួយ នាទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិសេស មួយជាមួយ គណៈកម្មាធិការអចិន្រ្តៃយ៍ និងគណៈកម្មាធិការនាយក របស់គណបក្សសង្រ្គោះជាតិ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕
ខាងក្រោមនេះជាសេក្តីថ្លែងការណ៍ របស់គណបក្សសង្រ្គោះជាតិ៖