(ភ្នំពេញ)៖ ថ្លែងឆ្លើយនឹងសំណួរអ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែត ដែលបានចោទសួរថា តើនៅពេលនេះលោក សម រង្ស៊ី នឹងត្រូវជាអ្វីជាមួយ គណកបក្សសង្រ្គោះជាតិ, ត្រូវបានលោក យឹម សុវណ្ណ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឆ្លើយតបវិញថា ចាប់ពីពេលនេះតទៅលោក សម រង្ស៊ី ក្លាយប្រជាពលរដ្ឋធម្មតា។
នៅក្នុងសន្និសិទកាសែតនោះ លោក យឹម សុវណ្ណ បានប្រកាសជាផ្លូវការថា មេដឹកនាំកំពូលៗរបស់ CNRP យល់ព្រមឲ្យុលោក សម រង្ស៊ី លាឈប់ពីតំណែងប្រធានគណបក្សសង្រ្គោះជាតិ ហើយចាប់ពីពេលនេះតទៅលោក កឹម សុខា ក្លាយជាប្រធានស្តីទីរហូតដល់ជ្រើសរើសប្រធានថ្មី។
លោក យឹម សុវណ្ណ បានបញ្ជាក់បន្ថែមថា ការធ្វើសមាជជ្រើសរើសប្រធានបក្សថ្មី នឹងធ្វើឡើងនៅមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ខាងមុខ ស្របតាមលក្ខន្តិកៈដែលសមាជបក្សលើកមុនធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣។
ការប្រកាសបែបនេះ បានធ្វើឡើងនៅក្នុងសន្និសិទកាសែតមួយ នាទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិសេស មួយជាមួយ គណៈកម្មាធិការអចិន្រ្តៃយ៍ និងគណៈកម្មាធិការនាយករបស់គណបក្សសង្រ្គោះជាតិ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
សន្និសិទកាសែទនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសលាលែងពីតំណែងប្រធាន និងភាពជាសមាជិករបស់ គណបក្សសង្រ្គោះជាតិ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ ដោយលោកគ្រាន់តែបញ្ជាក់ថា ដោយសារបញ្ហាផ្ទាល់ខ្លួន៕
សូមស្តាប់សន្និសីទកាសែតរបស់ យឹម សុវណ្ណ៖