(ភ្នំពេញ)៖ លោក យឹម សុវណ្ណ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានប្រកាសជាផ្លូវការនៅក្នុងសន្និសីទកាសែត នៅមុននេះបន្តិចថា មេដឹកនាំកំពូលៗរបស់ CNRP យល់ព្រមឲ្យលោក សម រង្ស៊ី លាឈប់ពីតំណែងប្រធានគណបក្សសង្រ្គោះជាតិ ហើយចាប់ពីពេលនេះតទៅលោក កឹម សុខា ក្លាយជាប្រធានស្តីទីរហូតដល់ជ្រើសរើសប្រធានថ្មី។

លោក យឹម សុវណ្ណ បានបញ្ជាក់បន្ថែមថា ការធ្វើសមាជជ្រើសរើសប្រធានបក្សថ្មី នឹងធ្វើឡើងនៅមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ខាងមុខ ស្របតាមលក្ខន្តិកៈដែលសមាជបក្ស លើកមុនធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១២។

ការប្រកាសបែបនេះ បានធ្វើឡើងនៅក្នុងសន្និសិទកាសែតមួយ នាទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិសេស មួយជាមួយ គណៈកម្មាធិការអចិន្រ្តៃយ៍ និងគណៈកម្មាធិការនាយក របស់គណបក្សសង្រ្គោះជាតិ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕