(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចេញមកបកស្រាយ និងបង្ហាញហេតុផលលើការអនុញ្ញាតឲ្យ ក្រុមហ៊ុន «លឹម រ៉ូយ៉ាល់ ជ័ញ ស្ដុក» បង្កើតរោងម៉ាស៊ីនកែច្នៃឈើ និងផលិតគ្រឿងសង្ហារឹម នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដោយក្រសួងអះអាងថា វាមិនផ្ទុយពីច្បាប់ស្ដីពីព្រៃឈើនោះទេ។
តាមសេចក្ដីប្រកាសព័ត៌មានបន្ថែមថា «តំបន់ដែលបានអនុញ្ញាតនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយគ៏ជាតំបន់ឧស្សាហកម្មពាណិជ្ជកម្ម ដែលជាតំបន់សមស្រប ពុំមានផ្ទុយនឹងច្បាប់ស្ដីពី ព្រៃឈើ លើការបង្កើតរោងម៉ាស៊ីនកែច្នៃឈើនេះទេ»។
ជាមួយគ្នានោះដែរ ក្រសួងបញ្ជាក់ថា ការអនុញ្ញាតឲ្យបង្កើតរោងម៉ាស៊ីនកែច្នៃឈើ និងផលិតគ្រឿងសង្ហារឹមនេះ គឺជាការលើកទឹកចិត្តដល់វិនិយោគិន ក្នុងការចូលរូមចំណែកបង្កើនការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា បង្កើនតម្លៃបន្ថែមលើការកែច្នៃអស់ពីលទ្ធភាពផល អនុផលព្រៃឈើ និងបង្កើតចំណូលថវិកាជាតិ។
ការចេញសេចក្តីថ្លែងការណ៍បកស្រាយនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីមន្រ្តីមួយចំនួនដែលពាក់ព័ន្ធ នៅក្នុងវិស័យព្រៃឈើថា «ការអនុញ្ញាតឲ្យបើក អាជីវកម្មកែច្នៃឈើនេះ គឺជាការលើកទឹកចិត្តឲ្យមានបទល្មើស ការកាប់បំផ្លាញព្រៃឈើបន្តទៀត ដែលបញ្ហានេះផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលខិតខំអភិរក្សព្រៃឈើ ខណៈគណកម្មាការពិសេសបង្ក្រាប បទល្មើសព្រៃឈើដឹកនាំ ដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស បាននិងកំពុងដឹកនាំប្រតិបត្តិការបង្ក្រាបបទល្មើសនេះពេញផ្ទៃប្រទេស»។
តាមព័ត៌មានមួយចំនួនបានឱ្យដឹង ដើម្បីបានឈើយកមកកែច្នៃឈ្មួញរកស៊ីឈើ បានផ្តល់ប្រាក់ដល់ពលរដ្ឋមួយចំនួន ដើម្បីចូលទៅកាប់ឈើ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានផ្លូវការ ដែលមានខ្លឹមសារទាំងស្រុង៖