(ភ្នំពេញ)៖ កាលពីយប់ម្សិលមិញនេះ មានការបែកធ្លាយលិខិតមួយសន្លឹករបស់ លោក សម រង្ស៊ី ដែលស្នើទៅលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្រ្គោះជាតិ ដើម្បីឱ្យគាំទ្រនិងដាក់លោកស្រី ជូឡុង សូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី ធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ ក្រោយពេលដែល លោក សម រង្ស៊ី លាលែងពីប្រធានគណបក្សប្រឆាំងរួចរាល់។
លិខិតរបស់លោក សម រង្ស៊ីនេះ ត្រូវបានបែកធ្លាយចេញពីផ្ទៃក្នុង គណបក្សសង្គ្រោះជាតិកាលពីយប់មិញ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយយកទៅចុះផ្សាយ ប៉ុន្តែភ្លាមៗនៅព្រឹកថ្ងៃអាទិត្យនេះត្រូវបានអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ រួមទាំងតំណាងរាស្រ្តមួយចំនួនទៀត ចេញមុខបដិសេធថា លិខិតនោះគ្រាន់តែជាលិខិតក្លែងក្លាយប៉ុណ្ណោះ មិនមែនជាការពិតនោះទេ។
តើអាចទេដែលថា ការចេញមុខទាត់ចោលលិខិតបែកធ្លាយរបស់លោក សម រង្ស៊ី មានន័យជាការ បដិសេធចោលនូវបេក្ខភាពរបស់លោកស្រី ជូឡុង សូមូរ៉ា ឡើងធ្វើជាប្រធានបក្ស?
តើអាចទេដែលថា ការចេញមុខទាត់ចោលលិខិតបែកធ្លាយរបស់លោក សម រង្ស៊ី គឺបង្ហាញអំពីប្រតិកម្មមិនពេញចិត្ត ឬមិនគាំទ្រច្រើនរបស់ថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សសង្រ្គោះជាតិ ក្នុងការជំទាស់ចំពោះបេក្ខភាពលោកស្រី ជូឡុង សូមូរ៉ា ឡើងធ្វើជាប្រធានដឹកនាំបក្ស?
ជាការសំគាល់ជារួម ការចេញមុខទាត់ចោលលិខិតបែកធ្លាយរបស់លោក សម រង្ស៊ី គឺបានធ្វើឡើងក្រោយពីមានការរិះគន់ខ្លាំងថា សម រង្ស៊ី ជាមនុស្សគ្រួសារនិយម បក្ខពួកនិយម ដែលតែងតាំងប្រពន្ធខ្លួនឯងជាប្រធានបក្ស ដែលធាតុពិតលោក កឹម សុខា ទៅវិញទេ ដែលសាកសមទទួល បានតំណែងនេះ ព្រោះគាត់ជាអនុប្រធានស្តីទីស្រាប់។
ការលាលែងរបស់លោក សម រង្ស៊ី ត្រូវបានមហាជននាំគ្នានិយាយថា ជាការលាលែងបង្ហាញពីវីរៈភាពដ៏ក្លាហានហ៊ានចុះចេញតំណែង ប៉ុន្តែនៅពេលបែកធ្លាយ លិខិតនេះ ទើបដឹងច្បាស់ថា ការលាលែងដើម្បីដាក់ប្រពន្ធខ្លួនឯង គឺមានន័យគ្រប់គ្រាន់បង្ហាញថា លោក សម រង្ស៊ី ស្រឡាញ់អំណាច និងមហិច្ចតាអំណាច របស់លោក សម រង្ស៊ី និងគ្រួសារនិយមនៅដដែល។ អ្នកវិភាគបានលើកឡើងថា ការស្នើសុំដាក់ប្រពន្ធខ្លួនឯងនេះ មិនបានបង្ហាញពីភាពប្រាកដនិយម ដើម្បីប្រយោជន៍គណបក្ស និងជាពិសេសបង្កនូវភាពមន្ទិលសង្ស័យចំពោះលោក កឹម សុខា និងមន្រ្តីកូតាលោក កឹម សុខា។ ការពិតលោក កឹម សុខា ដែលជាដៃគូស្លាប់រស់របស់ សម រង្ស៊ី គឺជាដៃគូដែលលោក សម រង្ស៊ី មិនដែលទុកចិត្តម្តងណាឡើយ ព្រោះបើគិតពីតួនាទី និងភារកិច្ចនៅបក្ស លោក កឹម សុខា ជាបេក្ខភាពតែមួយគត់ដែលសាកសមទទួលតំណែងនេះ ព្រោះគាត់ជាអនុប្រធានបក្ស។
សូមជំរាបថា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ នេះបើយោងតាម Facebook របស់លោក សម រង្ស៊ី៕