(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល ដើម្បីបូកសរុបលទ្ធផលការងារគណបក្សប្រចាំ ឆ្នាំ២០១៦ និងដាក់ចេញនូវផែនការការងារ សម្រាប់អនុវត្តបន្តនៅក្នុង ឆ្នាំ២០១៧។
អង្គប្រជុំបានធ្វើការពិភាក្សាលើ សភាពការណ៍ទូទៅនៅក្នុងស្រុកមុខកំពូល និងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលសម្រេចបានក្នុងពេលកន្លងមក ជាពិសេសសកម្មភាពចូលរួមចំណែក នៅក្នុងកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងមូលដ្ឋានស្រុកមុខកំពូល ទាំងផ្នែកពុទ្ធចក្រ ទាំងផ្នែកអាណាចក្រ ជាពិសេស ការចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ និងសង្គមផ្សេងៗ ព្រមទាំងការចូលរួម ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាបាតុភាពនានា ដែលកើតឡើងនៅមូលដ្ឋាន នៅក្នុងឆ្នាំ២០១៦ កន្លងទៅនេះ។
លោក វង្សី វិស្សុត បានជម្រាបជូនដល់មន្រ្តីបក្ស ទាំងមកពីថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានបានស្វែងយល់អំពីស្ថានភាពទូទៅរបស់ប្រទេស ជាពិសេសស្ថានភាពនយោបាយក្នុងពេលថ្មីៗនេះ។ លោកក៏បានលើកឡើងផងដែរ អំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស ដែលមានលក្ខណៈអំណោយផល ជាពិសេសការដាក់ចេញនូវវិធានការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ទាំងពាក់ព័ន្ធនឹងការបន្ធូរបន្ថយពន្ធការ ទាំងការលុបចោលនូវការយកកម្រៃពីសេវាសាធារណៈមួយចំនួន ដើម្បីសម្រាលបន្ទុកចំណាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទូទៅ មន្រ្តីរាជការ កម្មករ អ្នកលក់ដូរ រកស៊ីតូចតាច ជាដើម។ល។
លោក វង្សី វិស្សុត បានណែនាំដល់មន្រ្តីគណបក្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកប្រធានបានណែនាំដល់មន្រ្តីបក្សមកពីថ្នាក់កណ្តាល ត្រូវបន្តផ្តល់ការផ្តល់ការគាំទ្រ ទាំងជាស្មារតី និងធនធនដល់ថ្នាក់មូលដ្ឋាន តាមរបៀបភ្លៀងរលឹម ឱ្យកាន់តែសកម្មជាងមុន ស្របទៅតាមស្ថានភាពនៅក្នុងមូលដ្ឋានភូមិឃុំនីមួយៗ ដើម្បីបន្តធ្វើអំពើល្អ និងបម្រើប្រជាជន ដោយភាពស្មោះត្រង់ និងត្រូវខិខំដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយរួសរាន់ពេលវេលា ដើម្បីចិញ្ចឹមការគាំទ្រ និងចិញ្ចឹមការទាក់ទាញ ពិសេសបន្តលុបបំបាត់ភាពអសកម្មផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញឿន។
លោក វង្សី វិស្សុត បានប្រកាសផ្តល់ការគាំទ្រជាថវិកាប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញឿនដល់អធិការដ្ឋាននគរបាលស្រុកមុខកំពូល តាមរយៈគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមុខកំពូល ទៅតាមជាក់ស្តែង ដើម្បីចូលរួមគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។
លោក វង្សី វិស្សុត បានដាក់ចេញនូវគោលការណ៍ និងសកម្មភាពការងារគន្លឹះៗមួយចំនួន សម្រាប់មន្រ្តីគណបក្សយកទៅអនុវត្តបន្តនៅក្នុងឆ្នាំ២០១៧ ជាពិសេសដើម្បីរក្សាភាពដឹកមុខរបស់គណបក្ស សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខនេះ៕