(បាត់ដំបង)៖ លោក ស សុខា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត រួមមាន ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញប្រគល់ម៉ូតូចំនួន១៤គ្រឿង ដល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទាំង១៤ ស្រុក-ក្រុង របស់ខេត្តបាត់ដំបង។
នៅព្រឹកថ្ងៃដដែលនេះ លោក ស សុខា ក៏បានដឹកនាំក្រុមយុវជនចូលរួមបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលផ្តល់ឈាមផងដែរ ដើម្បីជួយជនរងគ្រោះទាំងឡាយណា ដែលត្រូវការឈាមជាចាំបាច់។
កម្មវិធីទាំងនេះក៏មានការកអញ្ជើញចូលរួមពី លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងលោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលផ្តល់ឈាម ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
ជាថ្មីម្តងទៀត សម្រាប់សិស្សថ្នាក់ទី១២ ដែលរៀននៅខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនោះ លោក ស សុខា បានប្រកាសផ្តល់ម៉ូតូ១គ្រឿង បើសិនទទួលបានទន្ទេស A ដូចដែលអ្វីដែលលោកបានប្រគល់ជូននាឆ្នាំកន្លងទៅ។
នៅក្នុងឱកាសនេះលោក ស សុខា បានលើកឡើងនូវការរីកចំរើន និងវឌ្ឍនភាពជាច្រើនសម្រាប់ខេត្តបាត់ដំបង ដែលក្រុមការងាររបស់លោក បានខិតខំយ៉ាងខ្លាំង លើការជួយលើសកម្មភាពមនុស្សធម៌ដល់ប្រជាពលរដ្ឋទាំងឡាយដែលបានជួបការលំបាក នៅក្នុងជីវភាពរបស់ពួកគាត់។
លោក បានជំរុញឲ្យក្រុមយុវជនទាំងអស់ ត្រូវបានបន្តសកម្មភាពកាន់តែខ្លាំង សហការជាមួយអាជ្ញាធរពាក់ព័ន្ធ លើការជួយប្រជាពលរដ្ឋតាមមូលដ្ឋាន និងជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើង តាមលទ្ធភាពជាក់ស្តែង៕