(ភ្នំពេញ)៖ ទីបំផុត ! គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយបង្ហាញអំពីលទ្ធផលផ្លូវការ នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតឃុំសង្កាត់ នៅខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ អ្នកបោះឆ្នោតថ្មីដែលគ.ជ.ប ទទួលស្គាល់ជាផ្លូវការពេលនេះ មានចំនួន ៧.៨៦៥,០៣៣នាក់ ខណៈចំនួនស្ថិតិប៉ាន់ស្មាននៃប្រជាជនកម្ពុជាសរុបប្រមាណ ១៥,៧២១,៣៦៦នាក់។
លោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប. បានថ្លែងថា «ការរៀបចំបញ្ជីបោះឆ្នោតិផ្លូវការឆ្នាំ២០១៦នេះ មិនមែនជាការងាយស្រួលនោះទេគឺជាការសម្រិតសម្រាំងយ៉ាងល្អិតល្អន់ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមយន្តការដូចជានាំខ្ញុំបានជម្រាបជូន ហើយក៏បានសាទរពីគ្រប់ភាគីពាក់ព័ន្ធ»។
លោកស្រី បានសង្កត់ធ្ងន់ថា ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ មានយុវជន ២.៦២១. ១៩០នាក់ ស្មើ៣៣% ក្នុងនោះមាននារីចំនួន១.៣៦៩.០៤៦នាក់។
សូមបញ្ជាក់ថា គ.ជ.ប បានរៀបចំការចុះបញ្ជីឈ្មោះដល់ប្រជាពលរដ្ឋរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រមទាំងទុកពេល១០ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋប្តឹងតវ៉ាថែមទៀត។
លោកស្រី តែ ម៉ានីរ៉ុង បានឲ្យដឹងថា ក្រោយឱ្យមានការប្តឹងទាស់នឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីនេះ គ.ជ.ប បានទទួលពាក្យបណ្តឹង១៧៤បណ្តឹង ក្នុងនោះមានបណ្តឹងទាស់សុំលុបឈ្មោះចេញពីបញ្ជី១៦៥បណ្តឹង ស្មើនឹង ២.៤៤១ នាក់។បណ្តឹងសុំរក្សាទុកឈ្មោះមាន៦បណ្តឹងស្មើនឹង៤៦នាក់ និងបណ្តឹងសុំផ្តន្ទទោសមានចំនួន១បណ្តឹង ផងដែរ ប៉ុន្តែពេលនេះគ.ជ.ប បានដោះស្រាយបណ្តឹងទាំងនោះហើយជាស្ថាពរ៕