(ភ្នំពេញ)៖ គណបក្សសង្គ្រោះជាតិ គ្រោងកោះប្រជុំក្បាលម៉ាស៊ីនដឹកនាំបក្ស នៅរសៀលថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជាបន្ទាន់ បន្ទាប់ពី លោក សម រង្ស៊ី ប្រកាសលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ។ ការកោះប្រជុំបន្ទាន់នេះ សូម្បីតែសមាជិកក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្នុងគណៈកម្មាធិការនាយក ក៏មិនបានដឹងអំពីរបៀបវារៈថានឹងត្រូវប្រជុំអំពីរឿងអ្វី ពិភាក្សារឿងអ្វីខ្លះផង ដោយសារតែហេតុការណ៍ដែល លោក សម រង្ស៊ី បង្កើតឡើងនេះមានអាថ៌កំបាំងពេក។
ទោះបីជាយ៉ាងណា ក្នុងរបៀបវារៈមួយក្នុងចំណោមរឿងរ៉ាវវិបត្តិចាក់ស្រេះផ្ទៃក្នុងបក្សសង្គ្រោះជាតិ គឺនឹងលើកឡើងថា «តើអ្នកណាជាបេក្ខជនត្រូវបន្តដឹកនាំ គណបក្សសង្គ្រោះជាតិ? តើបេក្ខភាពប្រធានបក្សថ្មី គឺជាលោក កឹម សុខា? ឬប្រធានបក្សថ្មី គឺជាលោកស្រី ជូឡុង សូមួរ៉ា? ឬទុកតំណែងប្រធានបក្ស នេះឲ្យនៅទំនេរចោល?»។
សេណារីយោទី១៖ តាមបំណងរបស់ សម រង្ស៊ី គឺចង់បានឲ្យគណបក្សតែងតាំងប្រពន្ធគាត់ គឺលោកស្រី ជូឡុង សូមួរ៉ា ធ្វើជាប្រធានបក្ស។ គាត់មិនខ្វល់ថា សក្តិសម ឬមិនសក្តិសមទេ តែនេះមកពីគាត់មិនទុកចិត្តអ្នកណាទាំងអស់ រួមទាំងក៏មិនទុកចិត្ត លោក កឹម សុខា ផងដែរ។ បំណងដែល សម រង្ស៊ី ចង់បានប្រពន្ធគាត់ធ្វើជាប្រធានបក្ស គឺដើម្បីគាត់អាចបន្តចាត់ចែងការងារបក្សនៅពីក្រោយ និងដើម្បីគាត់អាចបន្តគ្រប់គ្រងកម្លាំងអតីត សម រង្ស៊ី នៅក្នុងបក្សសង្គ្រោះជាតិតទៅទៀត។
សេណារីយោទី២៖ លោក កឹម សុខា សក្តិសមបានឡើងកាន់តំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ ដោយស្វ័យប្រវត្តិ ពីព្រោះគាត់ជាអនុប្រធានគណបក្ស ហើយគាត់កាន់តួនាទីជាប្រធានស្តីទីគណបក្សរួចមកហើយ ហើយក៏ស្របនឹងកុងសង់សីុសនយោបាយដែរ។ ក៏ប៉ុន្តែ បើអនុវត្តសេណារីយោទី២នេះ នឹងខុសបំណងរបស់ សម រង្ស៊ី។
សេណារីយោទី៣៖ ការជ្រើសរើសបេក្ខភាពតំណែងប្រធានបក្សអាចនឹងត្រូវពន្យាពេល ឬទុកតំណែងប្រធានបក្សនេះឲ្យនៅទំនេរចោល ដោយសារតែគ្មានការឯកភាពរវាង សម រង្ស៊ី និង កឹម សុខា។ ការមិនឯកភាពដ៏ជូរចត់ដែលបង្កប់ដោយអាថ៌កំបាំង និងពិសពុលនេះ គឺនៅត្រង់ថា សម រង្ស៊ី ប្រកាសលាលែងក៏ពិតមែន ក៏ប៉ុន្តែនេះគ្រាន់ជារូបភាពឆាកល្ខោនស្ពិនភ្នែកតែប៉ុណ្ណោះ បន្ទាប់ពីគាត់មានភាពអាម៉ាស់ខ្លាំងនឹងរឿងអាសោចផ្លូវភេទ ដែលបែកធ្លាយ។ រីឯខ្លឹមសារពិតគឺ សម រង្ស៊ី មិនមែនលាលែង ហើយក៏មិនប្រគល់សិទ្ធិសម្រេចទាំងស្រុងទៅលោក កឹម សុខា និងគណបក្សទេ! គឺ សម រង្ស៊ី មានផែនការនៅខាំស្មៅ ចង់បន្តចាត់ចែង បន្តគ្រប់គ្រងបក្សនេះដដែលតាមរយៈប្រពន្ធគាត់។ សម្រាប់ សម រង្ស៊ី ប្រសិនបក្សនេះធ្លាក់ទៅក្នុងកណ្តាប់ដៃ កឹម សុខា គឺអ្វីៗដែលគាត់ខំកសាងតាំងពីឆ្នាំ១៩៩៥ គឺចប់។ ផ្ទុយទៅវិញ លោក កឹម សុខា ក៏ដឹងខ្លួន ហើយក៏ភ្ញាក់ខ្លួនដែរថា «គាត់នឹងមិនបន្តធ្វើជាក្របី ឲ្យគេជិះចម្លងភក់» នោះទេ។ ដូច្នេះ ទំនាស់លើបេក្ខភាពតំណែងប្រធានបក្ស គឺមិនអាចឈានដល់ការព្រមព្រៀងគ្នាងាយៗ និងឆាប់ពេកនោះទេ។
ជាការកត់សំគាល់ ចំពោះសេណារីយោទី៣នេះ គឺគណបក្សសង្គ្រោះជាតិធ្លាប់បានប្រើកន្លងមក។ នៅពេលលោក សម រង្ស៊ី អស់អភ័យឯកសិទ្ធិជាតំណាងរាស្ត្រ គឺគណបក្សមិនបានជ្រើសរើសដាក់បេក្ខជនថ្មីជំនួសទេ។ នៅពេលលោក កឹម សុខា បាត់តំណែងពីអនុប្រធានទី១រដ្ឋសភាជាតិ ក៏គណបក្សមិនចាត់តាំងបេក្ខភាពថ្មីដាក់ជំនួសតំណែងនេះទេ។
ក៏ប៉ុន្តែ តើគណបក្សសង្គ្រោះជាតិអាចប្រើសេណារីយោទី៣នេះ ដោយរក្សាទុកឲ្យតំណែងប្រធានគណបក្សសង្គ្រោះជាតិ ឲ្យនៅទំនេរចោលបានដែរឬទេ? យោងតាមការបញ្ជាក់ពីមន្ត្រីព្រាងការតាក់តែងច្បាប់មួយរូប បានឲ្យដឹងថា៖ «យោងតាមខ្លឹមសារច្បាប់ នៅក្នុងករណីប្រធានគណបក្សបាត់បង់តំណែង ដោយប្រការណាមួយក៏ដោយ គឺគណបក្សត្រូវជ្រើសរើសប្រធានថ្មី។ ប្រសិនបើគណបក្សមិនមានប្រធានថ្មី គឺនឹងត្រូវប្រឈមផ្លូវច្បាប់ឲ្យរំលាយចោល គណបក្សនោះតែម្តង។ នេះគឺជាផ្លូវច្បាប់សុទ្ធសាធ ដែលអនុវត្តគ្រប់ប្រទេសនីតិរដ្ឋ»។
បើយ៉ាងដូច្នេះមែន «សម រង្ស៊ី-កឹម សុខា» ដែលមានប្រភពកំណើតឈាមពីរផ្សេងគ្នា ហើយទើបរួមគ្នាមានអាយុត្រឹម៤ឆ្នាំនេះ តើជាដៃគូស្លាប់រស់? ជាដៃគូមិនស្មោះត្រង់គ្នា? ដៃគូមិនទុកចិត្តគ្នា? ឬជាដៃគូសម្លាប់គ្នា?
គណបក្សសង្គ្រោះជាតិពិតជាប្រឈមវិបត្តិផ្ទៃក្នុងដោយសារតែការមិនជឿទុកចិត្តគ្នា ការមិនស្មោះត្រង់នឹងគ្នា និងការមិនគោរពគោលការណ៍ នៃការរួមបញ្ចូលរវាងបក្សពីរដែលមានឈាមពីរនិងបុព្វហេតុពីរផ្សេងគ្នានេះ។ វិបត្តិនេះនឹងអាចធ្វើឲ្យ គណបក្សមួួយគ្មានប្រធាន ដែលតាមផ្លូវច្បាប់គឺអាចនាំដល់ការរំលាយចោលគណបក្សនេះតែម្តង។
យើងនឹងតាមដានបន្តទៀត ចាប់ពីវគ្គរើចាន រើឆ្នាំងនេះ រហូតដល់វគ្គគប់ចាន បោកឆ្នាំង និងវគ្គរើប៉ាយ ដូររូប ដូរស្លាកយីហោគណបក្ស។ វោហាសាស្ត្រនយោបាយ «ដូរឬមិនដូរ» គឺបានវិលចូលទៅដល់កណ្តាលផ្ទៃគណបក្សសង្គ្រោះជាតិហើយ។ ដល់ម៉ោងហើយ! សូមនាំគ្នាស្រែឲ្យលឺ៖ «ដូរទៅ! ដូរទៅ! ដូរចេញទៅ!»៕
ដោយ៖ សេនាជាតិ