(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចូលលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសកម្មជនគណបក្ស ក្នុងគណៈចលនាប្រជាការពារ ក្រុងច្បារមន ​ដែលមានអ្នកចូលរួមសរុប៥៥០នាក់។ ជាមួយគ្នានេះ លោកបានជំរុញ ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ទប់សង្កាត់ និងបង្កាបទល្មើសនានា នៅក្នុងមូលដ្ឋាន ក្រុងច្បារមននេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលើកឡើង​ថា ប្រជាការពារបានចូលរួមយ៉ាងសកម្មក្នុងការងារ ការពារសន្តិសុខជូនពលរដ្ឋតាមមូលដ្ឋាន ក្នុងករណីលុបបំបាត់សកម្មភាពជនទំនើងដែរ មិនតែប៉ុណ្ណោះ ស្នងការនគរបាលខេត្ត បានសហការគ្រប់សកម្មភាពតាមមូលដ្ឋាន ដើម្បីការពារឲ្យបានរាល់បទល្មើស ដែលបង្កអសន្តិសុខ ដោយជនខិលខូចប៉ុនប៉ងនៅតាមមូលដ្ឋាន​។

លោកស្នងការបន្តថា នគរបាលបានចាត់វិធាននានា ដើម្បីធានាដល់បញ្ហាការស្នាក់នៅ ការសង្គ្រោះគ្រោះថ្នាក់ជាយថាហេតុមួយចំនួន បង្កដោយគ្រោះធម្មជាតិ ក្នុងស្វែងរកការចាប់ខ្លួនជនល្មើស ទៅតាមដីការក្នុងបំណងឲ្យពួកគេទទួលទោសតាមច្បាប់ឲ្យខានតែបាន។

លោក វ៉ី សំណាង ​បានឲ្យដឹងថា នគរបាលត្រូវធ្វើជាកម្លាំងបង្អែក ដល់ចលនាសម្រាប់ប្រជាការពារ រាល់ការយាមកាម លើកទឹកចិត្តចំពោះពួកគាត់ធ្វើជាមូលដ្ឋានស្នូល ដល់ការរាយការណ៍ជូនមត្ថកិច្ចចំពោះមុខសញ្ញា ដែលលាក់ខ្លួនតាមមូលដ្ឋាន មិនតែប៉ុណ្ណោះតាមគ្រប់សកម្មភាពរបស់ជនទំនើង ប្រើប្រាស់គ្រឿងញៀន ជនបង្កប៉ុនប៉ងបង្កអសន្តិសុខសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីសុខ ដល់ការរស់នៅរបស់ពលរដ្ឋជាប្រចាំ។

ជាមួយគ្នានោះ លោកក៏បាន​សរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងក្លាចំពោះចលនាប្រជាការពារ ដែលកន្លងទៅបានធ្វើឲ្យពលរដ្ឋមានជំនឿចិត្ត ហើយប្រជាការពារមិនបានធ្វើអ្វីៗ ឲ្យប៉ះពាលដល់ទ្រព្យសម្បត្តិពលរដ្ឋថែមទាំង មិនបង្កបញ្ហាក្នុងមូលដ្ឋានផងដែរ​។

បន្ថែមពីនេះ ក្នុងនាម​គណៈបញ្ជាការឯកភាពខេត្ត លោកសូមឲ្យកម្លាំងប្រជាការពារ បន្តការងារការពារសន្តិសុខ យាមកាមពេលយប់ ថែម​ទាំងបានផ្តល់ភាពកក់ក្តៅបន្តទៀត និងការពារដាច់ខាតការបង្កចលាចលផ្សេងៗ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ព្រមទាំងត្រូវរឹតបន្តឹងចំពោះជនទំនើង បញ្ហាគ្រឿងញៀន ដែលបង្កការភ័យខ្លាច ក្នុងមូលដ្ឋានរាយការ និងបង្ក្រាប អប់រំឲ្យបានដាច់ខាត៕