(កណ្តាល)៖ ចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ស្ពានដ៏ថ្មីសន្លាងមួយលាតសន្ធឹងកាត់ដងទន្លេបាសាក់ប្រវែង ៤១៥ម៉ែត្រ នឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះហើយ បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈជិត ៤ឆ្នាំ។ សមិទ្ធផលស្ពានកោះធំនេះ នឹងក្លាយជាសរសៃឈាមថ្មី ក្នុងការរស់នៅ និងជួយឲ្យជីវភាពអ្នកកោះធំកាន់តែល្អប្រសើរ។
ស្ពានឆ្លងកាត់ទន្លេបាសាក់ក្នុងស្រុកកោះធំ ដែលមិនធ្លាប់មានពីមុនមក ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ហើយត្រូវបានចាក់បេតុងតភ្ជាប់នៅថ្ងៃទីទី០៨ ខែសីហា ឆ្នាំ២០១៦។
ស្ពានជាប្រវត្តិសាស្រ្តលើទឹកដីកោះធំក្នុងសម័យតេជោសែន ត្រូវបានចំណាយថវិកាសាងសង់ ១៩.៣៩លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិ ភាគរាជរដ្ឋាភិបាលកម្ពុជាប្រមាណ ២.៨លានដុល្លារអាមេរិក។ ស្ពានកោះធំតភ្ជាប់ពីផ្លូវជាតិលេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ នៅប្របមាត់ទន្លេត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
ដងទន្លេបាសាក់ បើទោះបីមានប្រវែងមិនឆ្ងាយប៉ុន្មានក្តី តែវាហាក់បានក្លាយជាដែនសីមា និង កំពែងខណ្ឌចែកប្រជាពលរដ្ឋនៅឃុំព្រែកថ្មី និងឃុំជ្រោយតាកែវ រស់នៅសែនឆ្ងាយពីគ្នា។ ជាពិសេសប្រជាពលរដ្ឋក្នុងឃុំជ្រោយតាកែវ ស្ថិតនៅត្រើយខាងកើតទន្លេបាសាក់ជួបការលំបាកខ្លាំងក្នុងការធ្វើដំណើរដឹកកសិផលទៅទីផ្សារ ទៅសាលារៀន និងទៅមន្ទីរពេទ្យជាដើម។
កាន់តែលំបាកទៀតនោះ នៅពេលជួបគ្រោះអាសន្នពេលយប់ ដូចជាមានជំងឺ ឬ ស្រ្តីត្រូវសម្រាលកូននៅពេលយប់ គឺចំណាយពេលរង់ចាំទូកចម្លង រហូតមានអ្នកខ្លះត្រូវស្លាប់បាត់បង់ជីវិត ព្រោះបញ្ជូនទៅពេទ្យមិនទាន់ក៏មាន។
លោក ឃ្លុំ យៀន មេភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ក៏ដូចប្រជាពលរដ្ឋដទៃ ដែលកំពុងដើរឆ្លងកាត់លើស្ពានពីត្រើយខាងលិច ឆ្ពោះទៅលំនៅឋានរបស់ខ្លួននៅត្រើយខាងកើត បានរំលឹកប្រាប់ Fresh News ថា រូបលោក និងប្រជាពលរដ្ឋនៅត្រើយខាងកើតទន្លេបាសាក់ជួបទុក្ខលំបាកខ្លាំងពេលពួកគាត់ត្រូវឆ្លងមកត្រើយខាងលិចម្តងៗ។
«ជួបការលំបាកត្រូវជិះទូកដ មានការយឺតយ៉ាវពេលវេលា មិនបានទាន់ចិត្ត។ លំបាកធ្វើដំណើរយប់ថ្ងៃ ពេលមានការឈឺថ្កាត់អីចឹងអត់ទាន់ពេលវេលា យកទៅពេទ្យអី មានការយឺតយ៉ាវទូកដ មេឃភ្លៀងរលឹមអីមកមិនរួច ជួបផលលំបាកច្រើន»។ នេះជាការបញ្ជាក់របស់លោក ឃ្លុំ យៀន។
មិនខុសពីលោក ឃ្លុំ យៀន លោក ហួង ហយ ជាប្រជាពលរដ្ឋនៅភូមិក្បាលជ្រោយ ឃុំពោធិ៍បាន បានបញ្ជាក់ដែរថា «ពេលយើងមានអា សន្នអន់ក្រពេលយប់ គឺយើងមានតែត្រើយខាងលិចអាចពឹងពាក់បានមានពេទ្យធំៗ អីចឹងយើងត្រូវឆ្លងទូកដ ហើយឆ្លងទូកដនេះមិនងាយស្រួលនោះឡើយ»។
ផលលំបាកនេះមិនមែនកើតមានត្រឹមតែប្រជាពលរដ្ឋក្នុងការធ្វើដំណើរព្យបាលជំងឺ សម្រាលកូន ឬដឹកកសិផលនោះទេ សូម្បីតែសិស្សា នុសិស្ស ក៏មានផលលំបាកផងដែរ។ យុវជន ស្រ៊ាង ធារ៉ូ និងយុវតី វង សុជាតិ សិស្សសិក្សានៅវិទ្យាល័យ ហ៊ុន សែន កោះធំ បានឲ្យដឹងថា សិស្សនៅត្រើយខាងកើត ទន្លេបាសាក់តែងតែយឺតយ៉ាវក្នុងការទៅសាលាព្រោះតែការរង់ចាំទូកចម្លង។
រាជរដ្ឋាភិបាលខ្មែរ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញទិសស្លោកក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរបស់ខ្លួនថា «មានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹម» ដូចទៅនឹងទិសស្លោកក្នុងការអភិវឌ្ឍរបស់ចិនផងដែរថា «មានផ្លូវ មានស្ពាន គឺមានទ្រព្យសម្បត្តិ»។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា ស្ពានកោះធំ នឹងផ្តល់ប្រយោជន៍មុនគេទៅដល់ប្រជាពលរដ្ឋនៅសងខាងទន្លេបាសាក់ ហើយនឹងលុបបំបាត់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលធ្លាប់កើតមាននៅមុនពេលស្ពានមិនទាន់មានអវត្តមានផងដែរ។
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះ «ខ្ញុំពិតជាមានមោទនភាព ដែលថ្ងៃនេះយើងមកតភ្ជាប់នូវស្ពានមិត្តភាពកម្ពុជា-ចិន នៅកោះធំ ដែលមានប្រវែងជាង ៤០០ម៉ែត្រ។ សង្ឃឹមថា សមិទ្ធផល ដែលយើងទទួលនៅថ្ងៃនេះ នឹងរួមចំណែកកាត់បន្ថយការលំបាក កាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជន និងបង្កើតការងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ពីមុននេះ យើងធ្លាប់ឆ្លងកាត់ដោយលំបាក និងបង់ប្រាក់កាក់ទៅលើអ្នកចម្លងទូកដ និងចំណាយពេលវេលាដ៏ច្រើន ប៉ុន្តែសង្ឃឹមថា បន្ទាប់ពីស្ពាននេះ បានធ្វើរួចរាល់នឹងផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងបានឆ្លងកាត់ទៅមករកគ្នា ហើយក៏សម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់តភ្ជាប់រវាងត្រើយខាងលិច និងត្រើយខាងកើតផងដែរ»។
វត្តមានថ្មីនៃស្ពានកោះធំបានធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកកោះធំទាំងត្រើយខាងលិច និងខាងកើត បង្ហាញស្នាមញញឹមគ្រប់ៗគ្នា។ ពួកគេថា ស្ពាននេះនឹងចូលរួមចំណែកធ្វើឲ្យជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ។
ដើរបណ្តើរភ្នែកទាំងគូរំពៃមើលទៅផ្ទៃទឹកពីលើស្ពាន ដ៏សែនខ្ពស់ លោក ឃ្លុំ យៀន បានបង្ហាញក្តីរីករាយរបស់លោកថា «សប្បាយចិត្តបានស្ពានសាងសង់ រួចរាល់ទៅអត់មានការរាំងស្ទះពីអ្នកធ្វើដំណើរ ប្រកបរបរអាជីវកម្ម អាជីវករ លក់ដូរសព្វបែបយ៉ាង អ្នកទៅព្យាបាល ជំងឺទូទៅអីហ្នឹង និយាយទៅស្រួលសព្វបែប យ៉ាងទាំងអស់។ ស្រួលជាងពីមុនយើងឆ្លងទូកដ ស្រួលច្រើន»។
លោក ឃ្លុំ យៀន ជឿជាក់ថា ស្ពាននេះ នឹងជួយកែប្រែជីវភាពរបស់លោក និងប្រជាពលរដ្ឋទូទៅផងដែរ។ «ខ្ញុំជឿងជាក់ថា ក្រោយពីមាន ការសាងសង់ស្ពាន នេះរួចរាល់ប្រជាពលរដ្ឋត្រើយខាងកើត យើងនឹងប្រកបអាជីវកម្មបានល្អប្រសើរ»។
ដោយឡែកសិស្សានុសិស្ស ដែលធ្លាប់ជិះទូកដនាំឲ្យយឺតយ៉ាវខកពេលរៀនសូត្រ ក៏នឹងលែងជួបភាពយឺតយ៉ាវបែបនេះផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ស្ពានកោះធំគឺជាសរសៃឈាមដ៏សំខាន់មួយរួមចំណែក ប្រែក្លាយតំបន់ ដែលមានសក្តានុពលខាងកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំប្រទល់វៀតណាម អាចតភ្ជាប់ទៅកាន់ទីប្រជុំជនបានដោយស្រួល។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «ស្ពាននេះ នឹងបង្កលទ្ធភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ពិសេសក្នុងស្រុកកោះធំ និង ស្រុកលើកដែក ព្រមទាំងបានប្រែក្លាយក្តីស្រមៃរបស់ប្រជាពលរដ្ឋកម្ពុជានៅតំបន់នេះ ទៅជាក្តីសង្ឃឹម នៃមោទនភាពជាតិ និងជំនឿជឿជាក់លើការអភិវឌ្ឍយ៉ាងពិតប្រាកដ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ»។
ស្ពានកោះធំ ជាស្ពានមួយក្នុងចំណោមស្ពានឆ្លងកាត់ទន្លេចំនួន ៧នៅកម្ពុជា ដែលរដ្ឋាភិបាលចិន បានផ្តល់ប្រាក់កម្ចីសាងសង់។ ក្នុងនោះ ស្ពានចំនួន៦ មានប្រវែងសរុបជាង ៦គីឡូម៉ែត្រត្រូវបានដាក់ឲ្យប្រើប្រាស់រួចហើយរួមមាន ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និង ស្ពានតាខ្មៅ៕