Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការកំពូលៗ របស់គណបក្សសង្រ្គោះជាតិ បើកកិច្ចប្រជុំបន្ទាន់ នៅរសៀលនេះ ដើម្បីពិភាក្សាអំពីការលាលែងរបស់ លោក សម រង្ស៊ី

12-02-2017 10:54

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ និងគណៈកម្មាធិការនាយករបស់គណបក្សសង្រ្គោះជាតិ ដែលសុទ្ធសឹងជាថ្នាក់កំពូលរបស់ គណបក្សសង្រ្គោះជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅម៉ោង១៖៣០នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សាអំពីការលាលែងចេញពីតំណែងប្រធានគណបក្សសង្រ្គោះជាតិរបស់ លោក សម រង្ស៊ី។

ការកោះប្រជុំនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធាន និងភាពជាសមាជិករបស់គណបក្សសង្រ្គោះជាតិ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយលោកគ្រាន់តែបញ្ជាក់ថា ដោយសារបញ្ហាផ្ទាល់ខ្លួន។

កិច្ចប្រជុំនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បង្ហើបអោយដឹងថា អាចនឹងមានការជ្រើសរើសប្រធានគណបក្សសង្គ្រោះជាតិ ជំនួសលោក សម រង្ស៉ី ភ្លាមៗតែម្តង។

អ្នកនយោបាយ អ្នកវិភាគជាច្រើន បានលើកឡើងខុសៗគ្នាថា បេក្ខជនដែលគេកំពុងចាប់អារម្មណ៍ ដែលអាចទទួលតំណែងជាប្រធានគណបក្សសង្រ្គោះជាតិជំនួសលោក សម​ រង្ស៊ី មានដូចជា លោក​ កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងលោកស្រី ជូឡុង ស៊ូម៉ូរ៉ា ភរិយាលោក សម រង្ស៊ី ជាដើម៕