(ពោធិ៍សាត់)៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុក ជាប់បឹងទន្លេសាប រួមមានស្រុកក្រគរ និងកណ្តៀង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីចំណុចកំពង់លួង រហូតដល់កំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងក្នុងស្រុកកណ្តៀង ចាប់ពីចំណុចជ្រោយវែង ភូមិកោះក្អែក ឃុំរាំងទិល។
មន្រ្តីបរិស្ថានខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា លទ្ធផលកម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ បង្ក្រាបបានរួមមាន បង្គោលច្បរ ១,០៦០ដើម ក្បាលបរ០៦ខ្សែ លូកងសាច់អួន០៣មាត់ កាប់បំផ្លាញរុះរើរបាំងសាច់អួនចំនួន០៨ខ្សែ ប្រវែង២,១៦០ម៉ែត្រ ចាក់លែងត្រីចំរុះ១៦៣គីឡូក្រាម ចូលទៅក្នុងបឹងទន្លេសាបវិញ។
រីឯលទ្ធផលកម្លាំងគណៈបញ្ជាការឯកភាពស្រុកកណ្តៀង បង្ក្រាបបានរួមមាន ក្បាលបរ៥ខ្សែ របាំងសាច់អួន៥ខ្សែ ប្រវែង២,៥០០ម៉ែត្រ បង្គោលបរ១,៥០០ដើម ចាក់លែងត្រីចំរុះ៣០០គីឡូក្រាម ចូលទៅក្នុងបឹងទន្លេសាបវិញ។
ក្រោយប្រតិបត្តិការវត្ថុតាងទាំងអស់ ត្រូវបានកាប់បំផ្លាញចោលនូវកន្លែងកើតហេតុ៕