(ភ្នំពេញ)៖ កីឡាករដ៏ល្បីរបស់កម្ពុជា ចាន់ វឌ្ឍនាកា នឹងត្រូវចាកចេញពីកម្ពុជា ឆ្ពោះទៅប្រទេសជប៉ុន នាវេលាម៉ោង១០៖៥០នាទីយប់ថ្ងៃទី១២ ខែកុម្ភៈនេះហើយ ដើម្បីចូលរួមជាមួយក្លឹបថ្មីរបស់ខ្លួន Fujieda MYFC សមាជិកនៃលីគលំដាប់ទី៣ របស់ជប៉ុន ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលថ្មី នាឆ្នាំ២០១៧នេះ។ នេះបើតាមការបញ្ជាក់របស់លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្រុមបឹងកេតអង្គរ។
ទន្ទឹមនឹងការត្រៀមចាកចេញពីស្រុកកំណើត ទៅបន្ដអាជីពលើទឹកដីរីកចម្រើនផ្នែកកីឡាបាល់ទាត់នេះ ចាន់ វឌ្ឍនាកា បានបង្ហាញពីក្ដីសប្បាយរីករាយ និងឆន្ទៈខិតខំហ្វឹកហាត់ ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសថ្មីៗ សម្រាប់អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យរីកចម្រើន ឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីពបាល់ទាត់មួយកម្រិតទៀត។ ពិសេសគឺការនាំយកនូវសមត្ថភាពត្រឡប់ មកជួយក្រុមជម្រើសជាតិកម្ពុជាវិញតែម្ដង។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធជា Idol របស់អ្នកគាំទ្រកម្ពុជារាប់ម៉ឺននាក់ ចាន់ វឌ្ឍនាកា គឺជាកីឡាករកម្ពុជាទី១ ត្រូវបានក្លឹបបាល់ទាត់ជប៉ុននាំយកទៅលេងឲ្យក្លឹបនៅទីនោះ បើទោះបីក្នុងលីគលំដាប់ទី៣ ក៏ដោយ។ វឌ្ឍនាកា ត្រូវបានក្លឹបបឹងកេត ផ្ទេរទៅលេងឲ្យក្លឹប Fujieda MYFC ក្នុងលក្ខខណ្ឌខ្ចីជើងមួយឆ្នាំ ប៉ុន្ដែតម្លៃខ្លួនក្នុងការផ្ទេរ និងប្រាក់ខែនោះ ពុំត្រូវបានភាគីទាំងសងខាងទម្លាយឲ្យដឹងនោះទេ៕