(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានផ្ដល់អនុសាសន៍ដល់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ឲ្យត្រូវបន្តពង្រឹងការការពារគ្រោះថ្នាក់នៅកន្លែងធ្វើការ ការពារសុវត្ថិភាពក្នុងពេលធ្វើដំណើរ ជូនកម្មករនិយោជិត ប្រកបដោយការយកចិត្តទុកដាក់បំផុត។

អនុសាសន៍ដ៏សំខាន់ខាងលើ ត្រូវបានលោករដ្ឋមន្រ្តីលើកឡើង ក្នុងឱកាសចុះផ្សព្វផ្សាយអប់រំពី គោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់កម្មករនិយោជិត នៅសាលាសង្កាត់ភ្នំពេញថ្មី ដែលមានការចូលរួមពី ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំង១៤ ប្រធាន-អនុប្រធានភូមិ សហជីព និងកម្មករនិយោជិត ជាង៩០០នាក់។

ក្នុងន័យចង្អុលបង្ហាញទិសដៅសម្រាប់ឆ្នាំថ្មី លោកបណ្ឌិត អ៉ិត សំហេង បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កម្មករនិយោជិត រួមមាន៖ ១-បេឡាជាតិរបបសន្តិសុខសង្គម ត្រូវពង្រឹងការការពារគ្រោះថ្នាក់នៅកន្លែងធ្វើការ ការពារសុវត្ថិភាពក្នុងពេលធ្វើដំណើរ និងការសុវត្ថិភាពផ្សេងទៀត»។

២-សាលាសង្កាត់ភ្នំពេញថ្មី ត្រូវបន្តចុះផ្សព្វផ្សាយនៅតាមផ្ទះជួលរបស់កម្មករនិយោជិត ផ្តល់សេវាសាធារណៈដល់កម្មករនិយោជិត ឱ្យទាន់ពេលវេលាប្រកបដោយឆន្ទៈ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងគោរពច្បាប់។

៣-ម្ចាស់ផ្ទះជួលត្រូវសហការជាមួយក្រុមការងារ និងអាជ្ញាធរ ចុះផ្សព្វផ្សាយដល់កម្មករនិយោជិត និងផ្តល់ទីតាំងសម្រាប់ផ្សព្វផ្សាយ។

៤-ក្រុមការងារពង្រឹងការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ត្រូវបន្តផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានទូទាំងរាជធានី/ខេត្ត តាមមូលដ្ឋានផ្ទះជួល។

លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានប្តេជ្ញាអនុវត្តតាមអនុសាន៍របស់ លោក អ៊ិត សំហេង។ លោកបានលើកឡើងថា ចាប់ពីពេលដំណើរការងារដំបូង នៅខែវិច្ឆិកា ឆ្នាំ២០០៨ រហូតមកដល់ដំណាច់ឆ្នាំ២០១៦ ប.ស.ស បានចុះបញ្ជិកាសហគ្រាស គ្រឹះស្ថានចំនួន ៨,៧៣១សហគ្រាស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចំនួន ៩៧មូលដ្ឋាន ដែលផ្តល់ការព្យាបាលគ្រោះថ្នាក់ការងារចំនួន ១៣៨,៣៣៧នាក់ ក្នុងនោះគ្រោះថ្នាក់នៅនឹងកន្លែងការងារចំនួន ១០០,៧៣៨នាក់ គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៣៧,៥៦០នាក់ និងជំងឺវិជ្ជាជីវៈចំនួន ៣៩នាក់។

លោក អ៊ុក សមវិទ្យា ក៏បានបន្តទៀតថា ប.ស.ស បានរៀបចំដាក់ឱ្យដំណើរការផ្នែកថែទាំសុខភាព តាមអនុក្រឹត្យស្តីពី ការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ក្នុងនោះបានចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ លើវិស័យកាត់ដេរ និងផលិតស្បែកជើង មានសមាជិកចំនួន ៦០៣សហគ្រាស ស្នើនឹង៦០ភាគរយ និងមានកម្មករនិយោជិតចំនួន ៦០០,៨៣១នាក់ ស្នើនឹង៧២ភាគរយ។ បានចុះកិច្ចព្រមព្រៀងមូលដ្ឋានសុខាភិបាលចំនួន ៧៨៣មូលដ្ឋាន។ សមាជិកទៅប្រើប្រាស់សេវាមានចំនួន ១៦,០៦៣នាក់។

ជាមួយគ្នានេះ ប.ស.ស ក៏បានជំរុញការរៀបចំនិងដាក់ឱ្យដំណើរការផ្នែកប្រាក់សោធន (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រឺត្រែត) ផងដែរ ក្នុងទិសដៅជំរុញដាក់ឱ្យដំណើរការផ្នែកប្រាក់សោធន សម្រាប់កម្មកនិយោជិត ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ នាចុងឆ្នាំ២០១៧នេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានចេញប្រកាសបង្គាប់ឲ្យ បេឡាជាតិរបបសន្តិសុខសង្គម រៀបចំរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម៕