(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៨គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង និងរថយន្ត១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, ប្រជែង១លើក, មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់១លើក, ស្រវឹង១លើក, កត្តាយានយន្ត ១លើក។
សូមបញ្ជាក់ថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៩៤លើក បណ្ដាលឲ្យស្លាប់៥០នាក់ របួសធ្ងន់ចំនួន៨៦នាក់ និងរងរបួសស្រាលចំនួន៣៨នាក់៕