(ភ្នំពេញ)៖ ដូចការទស្សន៍ទាយមែន ថាការលាលែងចេញពីប្រធានគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី ពិតជាប្រកបដោយពិសពុល ព្រោះមុនឈាន ដល់ការលាលែងចេញពីប្រធានបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានផ្ញើលិខិតមួយច្បាប់ទៀតទៅកាន់លោក កឹម សុខា ដោយបង្គាប់ឲ្យលោក កឹម សុខា កោះប្រជុំជាបន្ទាន់ ដើម្បីជ្រើសរើសប្រពន្ធលោក សម រង្ស៊ី គឺលោកស្រី ជូឡុង សូមូរ៉ា ធ្វើជាប្រធានជំនួសរូបលោកវិញ នេះបើយោងតាម លិខិតបែកធ្លាយពីផ្ទៃក្នុងគណបក្សសង្រ្គោះជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លិខិតបែកធ្លាយពីផ្ទៃក្នុងនោះបានសរសេរថា៖ «ខ្ញុំសូមលោកអនុប្រធានកោះប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ និងគណៈកម្មាធិការនាយកជាបន្ទាន់ បន្ទាប់ពីខ្ញុំប្រកាសលាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីសម្រេចជ្រើសរើសប្រពន្ធខ្ញុំ ជូឡុង សូមួរ៉ា ជាប្រធានគណបក្សសង្គ្រោះជាតិ ជំនួសរូបខ្ញុំ ជូឡុង សូមួរ៉ា ជាប្រធានគណបក្សសង្គ្រោះជាតិ ជំនួសរូបខ្ញុំ ដូចលក្ខខ័ណ្ឌដែលយើងទាំងពីរបាននិយាយគ្នាច្បាស់លាស់កន្លងមកថ្មីៗនេះ»។
មន្រ្តីជាន់ខ្ពស់កូតាលោក កឹម សុខា បានទម្លាយឲ្យដឹងទាំងកណ្តាលយប់ថ្ងៃសៅរ៍នេះថា មន្រ្តីមួយចំនួនធំកូតា កឹម សុខា មិនគាំទ្រការធ្វើបែបនេះរបស់លោក សម រង្ស៊ី នោះទេ ទង្វើនេះបានបង្ហាញពី បក្ខពួកនិយម គ្រួសារនិយម គ្មានគោរពច្បាប់របស់គណបក្ស, លោក កឹម សុខា ជាអនុប្រធានគួរត្រូវតែបានតំណែង ជាប្រធានបក្សគឺជាការសាកសមបំផុត នៅកាលៈទេសៈនេះ ហើយបានហៅការលាលែងរបស់លោក សម រង្ស៊ី ជាការលាលែងប្រកបដោយពិសពុល។
ការលាលែងរបស់លោក សម រង្ស៊ី ត្រូវបានមហាជននាំគ្នានិយាយថា ជាការលាលែងបង្ហាញពីវីរៈភាពដ៏ក្លាហានហ៊ានចុះចេញតំណែង ប៉ុន្តែនៅពេលបែកធ្លាយលិខិតនេះ ទើបដឹងច្បាស់ថា ការលាលែងដើម្បីដាក់ប្រពន្ធខ្លួនឯង គឺមានន័យគ្រប់គ្រាន់បង្ហាញថា លោក សម រង្ស៊ី ស្រឡាញ់អំណាច និងមហិច្ចតាអំណាចរបស់លោក សម រង្ស៊ី និងគ្រួសារនិយមនៅដដែល។ អ្នកវិភាគបានលើកឡើងថា ការស្នើសុំដាក់ប្រពន្ធខ្លួនឯងនេះ មិនបានបង្ហាញពីភាពប្រាកដនិយម ដើម្បីប្រយោជន៍គណបក្ស និងជាពិសេសបង្កនូវភាពមន្ទិលសង្ស័យចំពោះលោក កឹម សុខា និងមន្រ្តីកូតាលោក កឹម សុខា។ ការពិតលោក កឹម សុខា ដែលជាដៃគូស្លាប់រស់របស់ សម រង្ស៊ី គឺជាដៃគូដែលលោក សម រង្ស៊ី មិនដែលទុកចិត្តម្តងណាឡើយ ព្រោះបើគិតពីតួនាទី និងភារកិច្ចនៅបក្ស លោក កឹម សុខា ជាបេក្ខភាពតែមួយគត់ដែលសាកសមទទួលតំណែងនេះ ព្រោះគាត់ជាអនុប្រធានបក្ស។
សូមជំរាបថា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ នេះបើយោងតាម Facebook របស់លោក សម រង្ស៊ី។
ការប្រកាសលាឈប់ពីតំណែងប្រធានគណបក្សនេះ បានធ្វើឡើងបន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ៦០រូប បានស្នើទៅរដ្ឋសភាធ្វើ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមិនអនុញ្ញាតឲ្យពិរុទ្ធជន ឬទណ្ឌិតធ្វើជាប្រធានបក្សនយោបាយ។ ការស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនេះ គណៈកម្មាធិការអិចន្ត្រៃយ៍រដ្ឋសភាគ្រោងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។
ការលាលែងរបស់លោក សម រង្ស៊ី ក៏បានកើតមាននៅចំពេលដែលរូបលោក បានបែកធ្លាយរឿងអាស្រូវមានសម្ព័ន្ធមេត្រីភាពស្នេហា ជាមួយនារីបម្រើការនៅ តាមភោជនីយដ្ឋានផងដែរ។ ការបែកធ្លាយរឿងអាស្រូវស្នេហ៍នេះ បានជះឥទ្ធិពលអាក្រក់សម្រាប់ភាព ជាមេដឹកនាំបក្សនយោបាយរបស់លោក៕